ភ្ញៀវទេសចរអន្តរជាតិ ៦ ៨៦៣ នាក់មកអង្គុយទស្សនាលើពន្លាទេសចរណ៍រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យបុណ្យអុំទូក ឆ្នាំ២០២៣នេះ
ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣--ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកអង្គុយលើទន្លាទេសចរណ៍ មុខព្រះបរមរាជវាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សរុបរយៈពេល៣ថ្ងៃមានចំនួន សរុប ៦ ៨៦៣ នាក់។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្រាប់រយៈពេលបីថ្ងៃនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកអង្គុយលើពន្លាទេសចរណ៍ មានការកើនឡើងពីមួយថ្ងៃទីទៅមួយថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ដោយក្នុងថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ ១ ៩០៣នាក់, ថ្ងៃទី២ ចំនួន ២ ២២៨នាក់ និងថ្ងៃទី២ ចំនួន ២ ៧៣២ នាក់។
ឯកឧត្តម គុជ បញ្ញាសា មានប្រសាសន៍ថា ពន្លាទេសចរ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ គឺបានទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍ ដែលបានមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា នៅលើពន្លាទេសចរមានកៅអីសរុប ២៥០កៅអី ដោយភ្ញៀវអន្តរជាតិចេញចូលៗ ដោយមានការរៀបចំជូននូវអាហារសំរន់ និងភេសជ្ជៈជូនដល់ពួកគាត់ ព្រមទាំងមានមន្ត្រីបដិសណ្ឋារកិច្ចរង់ចាំផ្តល់ព័ត៌មាន និងមានមគ្គុទេសទេសចរបកប្រែភាសាអំពីខ្លឹមសារស្តីពីព្រះរាជពិធីបុណ្យអុំទូកផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ទៀតថា អ្វីដែលពួកគាត់ចាប់អារម្មណ៍ជាងគេនោះ គឺបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាទៅដល់ភ្ញៀវទេសចរអន្តរជាតិ ដែលយើងតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ ប្រកបដោយស្នាមញញឹម ភាពទន់ភ្លន់របស់ខ្មែរ និងភ្ជាប់ជាមួយនឹងកម្មវិធីពិសេសនៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ ក្រោយខកខានរយៈពេល២ឆ្នាំ ២០២០-២០២២។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា៖ «យើងរំពឹងទុកថា នៅពេលដែលភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់ទៅវិញនឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាសោភ័ណភាពពិធីបុណ្យជាតិ ក៏ដូចជាគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅទឹកដីព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងៗបន្ថែមទៀត»។
គួរបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅទីនេះ គឺមួយចំនួន គឺជាអ្នកមកស្នាក់នៅ និងបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួនធំគឺជាភ្ញៀវទេសចរណ៍អន្តរជាតិដែលអញ្ជើញមកលេងក្នុងព្រះរាជពិធីបុណ្យអុំទូកនេះតែម្តង ដោយអ្នកខ្លះមក២សប្តាហ៍ ឬ៣សប្តាហ៍ និងអ្នកខ្លះទៀតមក៣ទៅ៤ថ្ងៃ។ អ្វីដែលជាការកត់សម្គាល់ គ្រប់ភ្ញៀវទេសចរ ដែលបានមកទស្សនានៅលើពន្លាទេសចរណ៍ សុទ្ធតែបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងអនុស្សាវរីយ៍ល្អៗ ប្រកបដោយស្នាមញញឹម និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ បដិសណ្ឋារកិច្ចល្អពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាពលរដ្ឋខ្មែរជាម្ចាស់ផ្ទះផងដែរ៕
ដោយ៖ ហេង ណាលីន និង រិទ្ធី