កិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០

កិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០

ទីស្តីការក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០។

យោងតាមរបាយការណ៍លទ្ធផលបានបង្ហាញថាក្នុងរយ:ពេលពេញមួយឆ្នាំ២០១៩ ការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍មានការរីកចម្រើនលើគន្លងវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលដែលបានចាត់ទុក " នារីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គម " ។

ស្របជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏មានផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ ជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តការងារ ធានាបាននូវការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ និងជំរុញឲ្យមានការចូលរួមរបស់ស្ត្រីកាន់តែច្រើនទាំងក្នុងវិស័យរដ្ឋ និងឯកជន។

បើទោះបីជាការអនុវត្តការងារយេនឌ័រនៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែជារួមក្រុមការងារបានអនុវត្តការងារបានរលូនល្អ និងជោគជ័យ ដោយកត្តាសាមគ្គីភាព និងកិច្ចសហការគ្នាល្អរបស់មន្ត្រីបង្គោលយេនឌ័រនៅគ្រប់ថ្នាក់ ហើយដែលជាពិសេសបំផុតនោះ គឺការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី ថោង ខុន ជាយន្តការជំរុញឱ្យក្រុមការងារនារី និងយេនឌ័រ បានបំពេញបេសកកម្មឥតឈប់ឈរដើម្បីបុព្វហេតុលើកកម្ពស់ សិទ្ធិ តួនាទី តម្លៃស្រ្តីក្នុងវិស័យទេសចរណ៍ ដោយទទួលបានជោគជ័យលើសពីលទ្ធផលរំពឹងទុក។

ព្រមជាមួយនេះអង្គប្រជុំដែលមានការចូលរួមពីមន្ត្រីគ្រប់លំដាប់ថ្នាក់ និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តផងនោះ ក៏បានដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ២០២០ ដែលរួមបញ្ចូលនូវសកម្មភាពសំខាន់ៗប្រកបដោយឆន្ទ: និងមនសិការទទួលខុសត្រូវខ្ពស់៕