ក្នុងរយៈពេល៨ខែដំបូង ភ្ញៀវបរទេសមកកម្ពុជាកើនឡើងដល់២៥០.៨%
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៣.៥ លាននាក់ក្នុងរយៈពេល៨ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ២៥០.៨ ភាគរយ ប៉ុន្តែថយចុះ ១៩.៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ក្នុងចំណោមតួលេខនេះ ភ្ញៀវបរទេសចំនួន១.២ លាននាក់បានធ្វើដំណើរតាមផ្លូវអាកាស កើនឡើង ២០៦.១ ភាគរយ និង២.២៨ លាននាក់តាមផ្លូវគោក និងផ្លូវទឹក ដោយភ្ញៀវទេសចរបរទេសភាគច្រើនចូលមកកម្ពុជាពីប្រទេសជិតខាង ដែលជាទីផ្សារទេសចរណ៍អាទិភាពសំខាន់ក្នុងយុគសម័យក្រោយជំងឺកូវីដ-១៩។
កម្ពុជាត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវទេសចរបរទេសចន្លោះពី ៤.៥ ទៅ ៥លាននាក់នៅចុងឆ្នាំនេះ កើនឡើងពី ២.២៧ លាននាក់ក្នុងឆ្នាំ២០២២។
ទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។
ភាពល្បីល្បាញរបស់ប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈបេតិកភណ្ឌវប្បធម៌ពិភពលោកមានដូចជា ឧទ្យានបុរាណវត្ថុអង្គរ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងប្រាសាទសំបូរព្រៃគុកក្នុង។
ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួនបួនគឺ ព្រះសីហនុ កំពត កែប និងកោះកុង។ AKP-C.Nika