កម្ពុជាចូលរួមកិច្ចប្រជុំលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិករទេសចរណ៍ភាគខាងត្បូង កម្ពុជា-មីយាន់ម៉ា-ថៃ-វៀតណាម នៅខេត្តកាន់ធឺ ប្រទេសវៀតណាម

(វៀតណាម)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍ភាគខាងត្បូងលើកទី៦ នៅក្រុងកាន់ធើ ប្រទេសវៀតណាមដោយមានការចូលរួមពីប្រទេសទាំង ០៤ (កម្ពុជា-មីយាន់ម៉ា-ថៃ-វៀតណាម) មន្ទីរពាក់ព័ន្ធនៃខេត្តទាំង០៥ នៃតំបន់ទេសចរណ៍ភាគខាងត្បូង (ខេត្តកោះកុង កំពត កែប ខេត្តព្រះស៊ីហនុ និងខេត្តតាកែវ) ទីភ្នាក់ងារឯកជន និងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំង០៤។

ស្របតាមកាលានុវត្តភាពថ្មីៗនៃតំបន់ និងអន្តរជាតិ សភាពការណ៍រីកចម្រើននៃវិស័យទេសចរណ៍ ព្រមទាំងសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ការរៀបចំប្រែក្លាយតំបន់សក្តានុពលទេសចរណ៍ភាគខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាម គឺជាកត្តាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការជំរុញកិច្ចអភិវឌ្ឍក្នុងក្របខណ្ឌសេដ្ឋកិច្ច-សង្គម ទាំងមូល តាមរយៈវិស័យទេសចរណ៍ ដោយបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មី ហើយផ្តល់ឱកាសឲ្យទេសចរ និងអ្នកវិនិយោគមានសិទ្ធិចូល-ចេញច្រើនដង ការទស្សនា ការ ស្នាក់នៅ និងការចូលរួមការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ទស្សនទានជាយុទ្ធសាស្រ្តស្តីពីតំបន់ទេសចរណ៍ភាគខាងត្បូងនេះ គឺបានបង្ហាញយ៉ាងច្បាស់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផល សេវាទេសចរណ៍នៅតាមច្រករបៀងទេសចរណ៍ និងពិនិត្យការ
ជម្រុញឲ្យផ្នែកឯកជនរៀបចំកញ្ចប់ទស្សនកិច្ចនៃប្រទេសទាំងបួន ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចឲ្យកាន់តែមានសុក្រឹត្យភាព និងប្រសិទ្ធភាពខ្ពស់ រួមចំណែកការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការថែរក្សា ការការពារ និងការអភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ បង្កើតឱកាសការងារ ប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ការពង្រឹង និងពង្រីកមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។

អង្គប្រជុំបានពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម៖
1. ការអភិវឌ្ឍផលិតផល និងវិនិយោគលើវិស័យទេសចរណ៍
2. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា
3. ការអភិវឌ្ឍន៍ធនធានមនុស្ស
4. ការសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ
5. ការតភ្ជាប់នាវាទេសចរណ៍តំបន់សមុទ្រ និងទន្លេមេគង្គ
6. ការជម្រុញឲ្យប្រទេសមីយ៉ាន់ម៉ា តភ្ជាប់នាវាទេសចរណ៍សមុទ្រក្នុងតំបន់ភាគខាងត្បូង
7. ការតភា្ជប់ទេសចរណ៍បេតិកភណ្ឌភាគខាងត្បូង
8. ការជម្រុញរៀបចំខ្សែទស្សនកិច្ចបែប Caravan Tour និងទេសចរបើកបរដោយខ្លួនឯង Self-Driving Tour
9. ការតភ្ជាប់ការហោះហើរត្រង់នៅតំបន់ភាគខាងត្បូង។

ការអភិវឌ្ឍទេសចរណ៍ភាគខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាមនេះ នឹងក្លាយជា “ចលករដ៏មានឥទ្ធិពលជំរុញ កំណើនសេដ្ឋកិច្ច” ការអភិវឌ្ឍសង្គម ការលើកកម្ពស់ផលិត ភាព និងគុណភាពទេសចរណ៍ ស្របតាមនិន្នាការថ្មីនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក ការបើកទីផ្សារទេសចរណ៍ថ្មី ការទាក់ទាញការវិនិយោគ។ ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ភាគខាងត្បូងកម្ពុជា នឹងកាន់ តែរីកចម្រើនប្រកបដោយគុណភាព មានផលសេដ្ឋកិច្ចខ្ពស់ និងទទួលបានផលប្រយោជន៍ពីកាលានុវត្តភាពនៃសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ៕