កម្ពុជាធ្វើពិព័រណ៍អន្តរជាតិបង្ហាញម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដើម្បីលើកស្ទួយទេសចរណ៍កម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធទេសចរណ៍កម្ពុជាបានផ្ដួចផ្ដើមរៀបចំពិព័រណ៍ខ្នាតអន្តរជាតិបង្ហាញពីម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា (CAMFOOD’22 and CAMBUILD’22) ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជា និងទទួលយកនូវរសជាតិម្ហូបអាហារនៅកម្ពុជាផងដែរ។
ពិព័រណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦-១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីបើកសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។
ពិព័រណ៍នេះក៏ទទួលបានការគាំទ្រពីសំណាក់ស្ថាប័នសំខាន់ៗ រួមមាន សមាគមអូតែលកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសហគមចុងភៅកម្ពុជា និងវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងគណៈសា្ថបត្យករកម្ពុជា។
លោក DARREN SIOW អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីនេះបានលើកឡើងថា ការត្រលប់មកវិញនៃព្រឹត្តិការណ៍ CAMFOOD’22 and CAMBUILD’22 ក្នុងឆ្នាំនេះ គឺជាសញ្ញាដ៏រឹងមាំមួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនៅកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំ។
លោកបន្តថា ព្រឹត្តិការណ៍នេះតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩មកម្លេះ តែដោយសារតែវិបត្តិកូវីដ១៩បានរាតត្បាតធ្វើឱ្យយើងខកខានអស់រយៈពេល២ (២០២០-២០២១)។ ការត្រឡប់មកវិញនៃព្រឹត្តិការណ៍នៅឆ្នាំ២០២២ ត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍។
លោក លូ ម៉េង បានឱ្យដឹងដែរថា ពិព័រណ៍ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតនៅកម្ពុជាសម្រាប់វិស័យម្ហូបអាហារ សណ្ឋាគារ បដិសណ្ឋារកិច្ច និងឧស្សាហកម្មសំណង់ ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិនិងអន្តរជាតិសរុបជាង២៥០ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធ ហើយរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង១០,០០០នាក់ ក្នុងរយៈពេល៣ថ្ងៃ។
លោក លូ ម៉េង បានបន្តថា បន្ថែមលើសពីរការតាំងពិព័រណ៍នេះបានសហការជាមួយសមាគមសណ្ឋាគារកម្ពុជារៀបចំបង្កើតវេទិកាស្វែងការងារសម្រាប់វិស័យបដិសណ្ឋារកិច្ច ក៏ដូចជាការប្រកួតប្រជែងរៀបចំគ្រែ របៀបរចនានិងតុបតែងផ្កា និងសិក្ខាសាលាចែករំលែកអំពីបចេ្ចកទេស ការច្នៃប្រឌិតថ្មីៗ ផ្នែកវិស័យការហ្វេរ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងសំណង់ជាដើមដែលរៀបចំឡើងដោយអ្នកជំនាញជាច្រើន។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការៀបចំឱ្យមានពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះ គឺស្របពេលដែលកម្ពុជាកំណត់ថា ឆ្នាំ២០២២ជាឆ្នាំដំបូងនៃដំណើរងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាដំណាក់នៃការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាផងដែរ៕