កម្ពុជាប្រារព្ធពិធីប្រណាំងស៊ីក្លូ ឆ្នាំ២០១៩ ដើម្បីលើកទឹកចិត្តអ្នកធាក់ស៊ីក្លូ និងលើកកម្ពស់ការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍

កម្ពុជាប្រារព្ធពិធីប្រណាំងស៊ីក្លូ ឆ្នាំ២០១៩ ដើម្បីលើកទឹកចិត្តអ្នកធាក់ស៊ីក្លូ និងលើកកម្ពស់ការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានសហការគ្នារៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩ ដើម្បីលើកទឹកចិត្តដល់អ្នកប្រកបរបរធាក់ស៊ីក្លូ និងលើកកម្ពស់ការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍ សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ព្រឹត្ដិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍នេះ ធ្វើឡើងក្រោមប្រធានបទ «អភិរក្សស៊ីក្លូដើម្បីទេសចរណ៍» នៅសួនច្បារព្រះបារមី ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធីបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ស៊ីក្លូមិនត្រឹមតែបានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយមិនប៉ះបាល់ដល់បរិស្ថាន និងបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចដើរតួជាផលិតផលទេសចរណ៍មួយបែប ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មីៗនៃទេសចរណ៍ទីក្រុង តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍នៅក្នុងកញ្ចប់ទស្សនកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា នេះគឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន សំដៅបណ្ដុះស្មារតីយុវជនឱ្យជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍ឱ្យជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូនៅក្នុងកញ្ចប់ទស្សនកិច្ច ខណៈដែលក្នុងក្របខណ្ឌប្រលងប្រណាំងទីក្រុងស្អាត គួរត្រូវបានយកចិត្តទុកដាក់អំពីវត្តមានរបស់ស៊ីក្លូនៅតាមបណ្តាទីក្រុង ដោយរៀបចំឲ្យមានស្តង់ដាស៊ីក្លូ រៀបចំឲ្យមានចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម។

ឯកឧត្តម ឃួង ស្រេង បានគាំទ្រព្រឹត្តិការណ៍នេះ ដែលជាការឆ្លុះបញ្ចាំងពីការលើកទឹកចិត្តគាំទ្រ និងចូលរួមអភិរក្សដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគមស៊ីក្លូ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សត្រីចក្រយានកម្ពុជាស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កើតនូវសមាគមមូលនីធិត្រីចក្រយាន ឬមូលនីធិស៊ីក្លូ និងមានសម្តេចតេជោផ្ទាល់ជាប្រធានកិត្តិយស។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ដោយយោងតាមការស្រង់ស្ថិតិរបស់សមាគមអភិរក្សស៊ីក្លូ បានបង្ហាញថា កាលពីទសវត្សទី៩០ ចំនួនស៊ីក្លូនៅកម្ពុជាមានប្រមាណ ១,០០០គ្រឿង ក៏ប៉ុន្តែចំនួនតួលេខនាពេលបច្ចុប្បន្នមានប្រហែល ៤០០គ្រឿងប៉ុណ្ណោះ។ 
ការធ្លាក់ចុះនេះបណ្តាលមកពីបាត់បង់ប្រជាប្រិយភាពនៃការប្រើប្រាស់ស៊ីក្លូក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន ទើបបណ្តាលឲ្យអ្នកធាក់ស៊ីក្លូជាច្រើនសម្រេចចិត្តផ្លាស់ប្តូរមុខរបរ និងមួយចំនួនទៀតចូលនិវត្តន៍ ដោយសារមានវ័យចំណាស់មិនអាចប្រកបមុខរបរនេះបន្តទៀត។

ប្រធានសមាគម CATA រូបនេះ បានបញ្ជាក់ថា ដោយមើលបញ្ហាប្រឈមនេះហើយ ទើបជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ២០១៩ នេះឡើង ក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ស៊ីក្លូ និងចំណូលដល់អ្នកធាក់ស៊ីក្លូ ដើម្បីគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់ តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។

សម្រាប់ស៊ីក្លូដែលចូលរួមក្នុងការប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩នេះ មានចំនួនសរុប ១៣៦គ្រឿង។ ក្រោយពីឆ្លងកាត់ការប្រកួតចម្ងាយ ១គីឡូម៉ែត្រ រួចមក អ្នកទទួលជ័យលាភីលេខ១ បានទៅលើលោក រ៉ុន ចក់ មកពីខេត្តព្រៃវែង មានស៊ីក្លូពាក់ស្លាកលេខ១១៧ ខណៈលេខ២ បានទៅលោក ដូ សារឿន មកពីខេត្តស្វាយរៀង និងលេខ៣ បានទៅលើលោក ស៊ឹម ជឿន មកពីខេត្តព្រៃវែង។

សូមបញ្ជាក់ថា អ្នកជាប់ចំណាត់ថ្នាក់លេខ១ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល លេខ២ទទួលថវិកាចំនួន ៣២ម៉ឺនរៀល និងលេខ៣ទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល។ ដោយឡែក អ្នកចូលរួមដែលមិនទទួលបានជ័យលាភី ក៏ទទួលបានការឧបត្ដម្ភលើកទឹកចិត្តក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.