កម្ពុជាមានមជ្ឈមណ្ឌលវាយតម្លៃចុងភៅមួយគួរឱ្យជឿជាក់ ស្របតាមយន្តការជាតិ និងអាស៊ាន

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្ភោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាស (Thalias) ផ្នែកផលិតកម្មម្ហូបអាហារ» ដែលជាសញ្ញាបង្ហាញថា ពីពេលនេះតទៅ កម្ពុជាមានមជ្ឈមណ្ឌលវាយតម្លៃចុងភៅមួយដែលគួរឱ្យជឿជាក់ ស្របតាមយន្តការជាតិ និងអាស៊ាន។

ពិធីសម្ពោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានតូប៉ាហ្ស រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ អ្នកជំនាញម្ហូបអាហារប្រមាណ ២០០រូប។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការគាំទ្របង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដោយមានការចូលរួមគាំទ្រដោយក្រុមហ៊ុនថាលាសគ្រុប (Thalias Group) អង្គការអាល្លឺម៉ង់ Assist ដែលអាចផ្តល់ឱកាសដល់អ្នកជំនាញផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ) ជាពិសេសចុងភៅដែលមានបទពិសោធន៍ល្អៗ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ផ្លូវការ ឲ្យទទួលបានការវាយតម្លៃសមត្ថភាព និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតវិញ្ញាបនបត្រ ស្របតាមយន្តការជាតិ និងអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា មជ្ឍមណ្ឌលវាយតម្លៃនេះយកទីតាំងអនុវត្តនៅភោជនីយដ្ឋានតូប៉ាហ្ស ដែលជាភោជនីដ្ឋានលំដាប់ខ្ពស់ និងមានមេចុងភៅពូកែៗ អាចធ្វើជាអ្នកវាយតម្លៃ និងគ្រូបណ្ដុះបណ្ដាលបាន។ ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ តាមរយៈអភិក្រមនៃការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្រ្តអាទិភាពមួយរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា នឹងបានឆ្លើយតបផងដែរទៅនឹងផែនការយុទ្ធសាស្ត្រអាស៊ានផងដែរ។

ឯកឧត្តម ថោង ខុន បានលើកឡើងទៀតថា ការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០១៧-២០២៥ ដែលមានចក្ខុវិស័យជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ក្នុងនោះត្រឹមឆ្នាំ២០២០ (៥០%) ឆ្នាំ២០២៥ (១០០%) និងនៅឆ្នាំ២០៣០ (សម្រេច SDG4) «ការសិក្សាពេញមួយជីវិត Life Long Learning» និង SDG8 «ការងារសមស្រប» ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន និងស្របតាមយន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន ដែលជាចលករជំរុញសមត្ថភាពយុវជនកម្ពុជា លើចំណេះដឹងជំនាញ និងឥរិយាបទខ្ពស់ស្របតាមស្តង់ដាអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញដល់ភាគីពាក់ព័ន្ធ ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ បុគ្គលិកបម្រើការងារ ជាពិសេសជំនាញចុងភៅឲ្យផ្សព្វផ្សាយ និងចូលរួមវាយតម្លៃសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធ ពិសេសភោជនីយដ្ឋានតូប៉ាហ្ស ក្រុមចុងភៅនានា ចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារ (The First International Conference on Cambodia Gastronomy and Food Tourism) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.