កម្ពុជា-ចិន ប្រកាសយកឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ និងវប្បធម៌

កម្ពុជា-ចិន ប្រកាសយកឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ និងវប្បធម៌

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជានិតចិន បានកំណត់យកឆ្នាំ២០១៩ ជាពេលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ និងវប្បធម៌ ឬហៅថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»។

ដើម្បីចូលរួមអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិននេះ គណៈប្រតិភូ និងបេសកជនចិនប្រមាណ២ពាន់នាក់ បានធ្វើដំណើរមកចូលរួមជាមួយកម្ពុជានៅរាជធានីភ្នំពេញ។

ពិធីប្រកាសបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ចាង ហ្ស៉ី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួមនឹងវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលាមហោស្រពកោះពេជ្រ នារាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយនៃផែនការសកម្មភាពក្នុងគោលដៅជំរុញវិនិយោគ និងលំហូរទេសចរនៃប្រទេសទាំងពីរ ដោយយកឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម។

ឯកឧត្តមបន្តថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករក្នុងការជំរុញថែមទៀតនៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ក៏ដូចជាការជំរុញលំហូរទេសចរទៅវិញទៅមកក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការថ្មី មិត្តភាពកាន់តែស៊ីជម្រៅ ហើយក៏នឹងបង្កើតបានជាឱកាសថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌។

ឯកឧត្តម ប៊ិន ឈិន បានស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ឆ្លៀតឱកាសនៃឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន រៀបចំដាក់ចុះនូវផែនការសកម្មភាពនានា ស្របតាមស្មារតីនៃសហគមន៍វាសនារួមកម្ពុជា-ចិន សំដៅបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាក់ស្ដែង រវាងប្រទេសទាំងពីរ ហើយក៏ស្នើឲ្យភាគីចិនជួយសម្រួល និងជំរុញការអនុវត្តផែនការសកម្មភាពទាំងនោះផងដែរ៕