កម្ពុជា-ថៃ-វៀតណាម ពង្រឹងកិច្ចសហការ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នាតាមច្រករបៀងភាគខាងត្បូង

(ខេត្តកោះកុង)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ណាថាផុង​ សាងវានឈីត (Mr. Natthaphong Sangvanchit) អភិបាលរងខេត្តត្រាត ប្រទេសថៃ និងលោក Hiev តំណាងទីភ្នាក់ងារទេសចរណ៍ខេត្តកាន់ធឺ ប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីបើក-បិទ “ក្បួនរថយន្តទេសចរណ៍សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ” ឆ្លងកាត់ព្រំដែន​ កម្ពុជា ថៃ និងវៀតណាម ព្រមទាំងយុទ្ធនាការជិះកង់មិត្តភាព និងរើសសំរាម ចាប់ពីថ្ងៃទី០១-០៧ ខែមេសា ឆ្នាំ២០១៩ នៅខេត្តកោះកុង។

ការរៀបចំក្បួនរថយន្តទេសចរណ៍លើកទី១ ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍បានសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជ (PATA Cambodia Charpter) សមាគមទេសចរណ៍ខេត្តត្រាត ប្រទេសថៃ និងសមាគមទេសចរណ៍ខេត្តកាន់ធឺ ប្រទេសវៀតណាម ដោយបានចេញដំណើរឆ្លងកាត់ខេត្តភាគខាងត្បូងនៃប្រទេសទាំងបី (កម្ពុជា ថៃ និងវៀតណាម) ដែលមានរថយន្តសរុបចំនួន២៥គ្រឿង និងអ្នកធ្វើដំណើរសរុបចំនួន៨៥នាក់ និងយុទ្ធនាការជិះកង់មិត្តភាព កម្ពុជា ថៃ វៀតណាម ព្រមទាំងយុទ្ធនាការរេីសសំរាម ដែលមានអ្នកចូលរួមជាមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាសហគមន៍ ស.ប.យ.ក អាជីវករប្រមានជាង ៨៥០ នាក់។ ព្រឹត្តិការណ៍នេះ ជាការឆ្លុះ​បញ្ចាំង​​​​ពីការអភិវឌ្ឍន៍វិស័យទេសរណ៍នៅកម្ពុជា និយាយរួម​ និងដោយឡែក នៅបណ្តាខេត្តភូមិភាគខាងត្បូង ។

ការរៀបចំព្រឹត្តិការណ៍នេះ គឺបានបង្ហាញអោយឃើញពីវឌ្ឍនភាពនៃការអភិវឌ្ឍផលិតផល សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នាតាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម និងការសិក្សាពីសក្តានុភាពផលិតផលទេសចរណ៍ ដើម្បីជំរុញផ្នែកឯកជនរៀបចំកញ្ចប់ខ្សែទស្សនកិច្ចនៃបណ្តាប្រទេសទាំងបី ក្នុងក្របខណ្ឌទេសចរណ៍ភាគខាងត្បូង កម្ពុជា ថៃ វៀតណាម។