កម្ពុជា-សិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០ ដែលជាខួប ៥៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ

កម្ពុជា-សិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០ ដែលជាខួប ៥៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ

(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ចាប់ពីឆ្នាំ១៩៦៥-២០២០ ឱ្យកាន់តែអធិកអធមប្រកបដោយអត្ថន័យនោះ ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ «មហោស្រពសិល្បៈតាមដងវិថី» នៅរាជធានីភ្នំពេញ នាកំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ការស្នើសុំកិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម តាន់ មីឆាអ៊ែល (Michael Tan) ឯកអគ្គរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី បានឱ្យដឹងថា ស្ថានទូតរបស់លោកមានបំណងចង់រៀបចំឱ្យមាន «មហោស្រពសិល្បៈតាមដងវិថី ឬហៅថា Street Art Festival» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។ ហេតុដូច្នេះហើយ ទើបស្ថានទូតសិង្ហបុរីស្នើសុំឱ្យមានការសហការពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា ដើម្បីផ្ដល់អនុសាសន៍បន្ថែម និងចូលរួមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌នេះឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបន្សល់ទុកនូវអត្ថន័យស្ថិតស្ថិរយូរអង្វែង។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចង់រៀបចំ «មហោស្រពសិល្បៈតាមដងវិថី» ខាងលើនេះ ដោយបានចាត់ឱ្យលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធសហការជាមួយស្ថានទូតសិង្ហបុរី និងក្រសួងវប្បធម៌ ធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អប្រសើរ។

ឯកឧត្តម តាន់ មីឆាអ៊ែល បានលើកឡើងថា នាព្រឹត្តិការណ៍មហោស្រពនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទាំងក៏អាចចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារ និងភេសជ្ជៈ គូគំនូលើជញ្ជាំងដែលគេរៀបចំទុកសម្រាប់គូគំនូ ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។ ប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យ ស្ថានទូតសិង្ហបុរីនឹងបន្តកិច្ចសហការរៀបចំនៅតាមបណ្ដាខេត្តសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការរៀបចំឱ្យមានមហោស្រពសិល្បៈតាមដងវិថី ក៏ដូចជាការរៀបចំពិព័រណ៍ម្ហូបអាហារផងនោះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជំរុញឱ្យការរៀបចំ «វិថីម្ហូបអាហារ ឬ Food Street និងម្ហូបអាហារតាមដងវិថី ឬ Street Food» ហើយក៏ជាផលិតផលទេសចរណ៍ដ៏សំខាន់ចាំបាច់ណាស់ដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរពីគោលដៅនានា ពីព្រោះភ្ញៀវទេសចរមិនគ្រាន់តែដើរកម្សាន្តប៉ុណ្ណោះ តែក៏មានការទទួលអាហារ ភេសជ្ជៈ និងត្រូវការសេវាកម្មផ្សេងទៀតដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍ខាងលើនេះក៏នឹងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ព្រមទាំងជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា។ បើតាមការបង្ហើបរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏នឹងមានក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយពីមហោស្រពនេះផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.