ក្រសួងទេសចរណ៍ចេញសារាចរណែនាំ ៧ចំណុច ដើម្បីគ្រប់គ្រងចរន្តទេសចរនៅតាមតំបន់ទេសចរណ៍ទូទាំងប្រទេស

(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរួចមក ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំចំណុចសំខាន់ ៧ចំណុច ដូចខាងក្រោម៖

១៖ មន្ទីរទេសចរណ៍ខេត្តនានាត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យបើកឡើងវិញនូវរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែក ចំពោះរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្នុងខេត្ត ឬតំបន់ដែលបានដាក់ចេញវិធានការបិទខ្ទប់ មន្ទីរទេសចរណ៍ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទគោលដៅខាងលើជាបណ្តោះអាសន្នបន្តទៀត រហូតដល់មានការសម្រេចដាក់ចេញនូវវិធានការថ្មី។

២៖ ចំពោះខេត្ត ឬតំបន់ដែលមិនមានការបិទខ្ទប់ មន្ទីរទេសចរណ៍ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។

៣៖ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ ការពារ» គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព និងវិធានការ «៣ កុំ» គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅកន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា ព្រមជាមួយការខិតខំអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ក្នុង «គន្លងថ្មី ឬ New Normal Protocol»។

៤៖ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវធ្វើការកត់ត្រាភ្ញៀវទេសចរទាំងអស់ ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ពិសេសគ្រប់មូលដ្ឋានទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាត មុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំនូវការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ ហើយភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ស្របតាមគោលការណ៍សុខាភិបាល។

៥៖ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យទៅលម្ហែកម្សាន្តតែជាមួយធម្មជាតិ និងសក្តានុពលដែលមានក្នុងគោលដៅទេសចរណ៍ខាងលើ ដោយមិនត្រូវរៀបចំឲ្យមានការជួបជុំជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទទួល ទានអាហារដែលមាននៅក្នុងគោលដៅទេសចរណ៍ខាងលើ ក៏ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១.៥ ម៉ែត្រពីគ្នា)។

៦៖ ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ។

៧៖ គ្រប់គោលដៅខាងលើ ត្រូវអនុវត្តសារាចរនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសារាចរណែនាំនេះ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឲ្យគោលដៅទេសចរណ៍ខាងលើ បើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹងវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.