ក្រសួងទេសចរណ៍ចំណាយថវិកាជិត ២.៥លានដុល្លារ សាងសង់អគារទីស្ដីការក្រសួងថ្មីកម្ពស់៧ជាន់

ក្រសួងទេសចរណ៍ចំណាយថវិកាជិត ២.៥លានដុល្លារ សាងសង់អគារទីស្ដីការក្រសួងថ្មីកម្ពស់៧ជាន់

ពិធីក្រុងពាលីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា អគារថ្មីនេះមានកម្ពស់ ៧ជាន់ ដោយចំណាយថវិកាសាងសង់ប្រមាណជិត ២.៥លានដុល្លារអាមេរិក។

ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមាណ ១៨ខែ ឬ ១ឆ្នាំកន្លះ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា អគារថ្មីនេះមានទាំងបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងារមួយចំនួនទៀត។

ឯកឧត្តម ជា បូរ៉ា បានបន្ថែមទៀតថា វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារក្នុងវិស័យទេសចរណ៍ក៏កាន់តែរីកធំឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីនេះ សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការផងដែរ៕