ក្រសួងទេសចរណ៍ចុះបើកវគ្គបណ្តុះបណ្តាលស្តង់ដាទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍នៅជុំវិញតំបន់ភ្នំឱរ៉ាល់

ក្រសួងទេសចរណ៍ចុះបើកវគ្គបណ្តុះបណ្តាលស្តង់ដាទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍នៅជុំវិញតំបន់ភ្នំឱរ៉ាល់

(កំពង់ស្ពឺ)៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលស្តង់ដាទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍នៅជុំវិញតំបន់ភ្នំឱរ៉ាល់ ក្រោមអធិបតីភាព លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោកអភិបាលរងឱរ៉ាល់ និងលោកមេឃុំរងត្រពាំងជោ ព្រមទាំងមានការចូលរួមពីសហគមន៍នៅជុំវិញតំបន់ភ្នំឱរ៉ាល់ចំនួន០៧ ដែលរួមមាន៖ សហគមន៍ទឹកធ្លាក់ចំបក់ សហគមន៍ដំរីចាក់ធ្លក សហគមន៍តេទឹកពុះ សហគមន៍ទឹកធ្លាក់ជ្រាវ សហគមន៍ព្រៃឈើប្រាំបីមុំ សហគមន៍សែនមនោរម្យ និងសហគមន៍រស្មីសាមគ្គី (ភូមិល្ងឹម)។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទបង្ហាញអំពីស្តង់ដាទេសចរណ៍ផ្សងព្រេងកម្សាន្តក្នុងព្រៃ និងបង្ហាញអំពីបទពិសោធន៍នៃការនាំភ្ញៀវឡើងភ្នំឱរ៉ាល់។ សិក្ខាកាមដែលបានចូលរួមភាគច្រើនជាអ្នកជូនភ្ញៀវឡើងភ្នំឱរ៉ាល់ បានផ្លាស់ប្តូរបទពិសោធន៍ និងលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដើម្បីរិះរកដំណោះស្រាយនានា សំដៅធ្វើអោយសហគមន៍ទេសចរណ៍កាន់តែរឹងមាំ ទទួលបានចំណូល បង្កើតការងារ មុខរបរ និងផលប្រយោជន៍ជាអតិបរមាពីសកម្មភាព និងសេវាកម្មទេសចរណ៍នៅតំបន់ជុំវិញភ្នំឱរ៉ាល់នេះ។

គួរបញ្ជាក់ថា សម្រស់ធម្មជាតិ និងអាកាសធាតុដ៏សែនមនោរម្យ បានអន្ទងដួងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងឲ្យឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ពីរាជធានីភ្នំពេញទៅដល់ភូមិស្ថានប្រជាពលរដ្ឋនៅជើងភ្នំឱរ៉ាល់ គឺភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណតែ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ៕