ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa) ដើម្បីចូលរួមស្តារវិស័យទេសចរណ៍ក្នុងភូមិភាគឦសាន្
(ភ្នំពេញ) ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអញ្ញើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” សម្រាប់ខេត្តរតនៈគិរី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងអង្គការស្វីស ខន់ថាក់ គ្រូបង្គោលអាស៊ាន ប្រធានមន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត និងសិក្ខាកាម សរុបចំនួន ៧០រូប។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ក្នុងនោះសកម្មភាពសំខាន់នៅក្នុងមុំបណ្តុះបណ្តាវិជ្ជាជីវៈទេសចរណ៍រួមមាន៖ (១) ពង្រឹងលក្ខណៈសម្បត្តិឱ្យបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ត្រៀមខ្លួនឆ្ពោះទៅដំណាក់កាលស្តារឡើងវិញតាមរយៈការពង្រឹងជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន (២) លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈពង្រឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍ (៣) ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី រួមមានបន្ស៊ីជំនាញឌីជីថលជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ស្របតាមចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” និងបន្តជំរុញកម្មវិធីកម្មសិក្សាក្នុងវិស័យទេសចរណ៍ (Internship Program) (៤) គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តសៀមរាប និងនិងខេត្តមណ្ឌលគិរី និង (៥) ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ ដែលយើងកំពុងតែអនុវត្ត ជាពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះតែម្តង។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំអោយសិក្ខាកាមដែលជាគ្រូបង្គោល ចំនួន ៤០រូប ក្នុងចំណោមអ្នកដាក់ពាក្យសរុបចំនួន ៧៣រូប ដែលបានក្រុមការងារវាយតម្លៃ និងជ្រើសរើស ត្រូវត្រងត្រាប់ស្តាប់ និងខិតខំសិក្សាស្រូបយកចំណេះដឹង និងជំនាញពីគ្រូបង្គោលអាស៊ាន និងលើកទឹកចិត្តសិក្ខាកាមទាំងអស់ អោយខិតខំប្រឹងប្រែងយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្ត និងអនុវត្តក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនអោយបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅពេលខាងមុខ និងត្រៀមខ្លួនដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍នៅភូមិភាគឥសាន្តនេះបានយ៉ាងល្អប្រសើរផងដែរ។