ក្រសួងទេសចរណ៍នៅតែបន្តជំរុញលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្ត្រីបើទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩
ក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានលើកបង្ហាញពីវឌ្ឍនភាពការងារស្ត្រីក្នុងវិស័យទេសចរណ៍យ៉ាងដូច្នេះថា៖
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយដើរតួជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់និងដោយប្រយោល លើកកម្ពស់ជីវភាពរស់នៅ ជំរុញការនាំចេញនៅនឹងកន្លែង ជំរុញកំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមដល់ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងគាំទ្រជំរុញការចូលរួមរបស់ស្ត្រីនៅគ្រប់ដំណើរការអភិវឌ្ឍនៃវិស័យនេះ។
ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់សមភាពយេនឌ័រ ក្រសួងទេសចរណ៍តែងតែគិតគូរពីស្ថានភាពរបស់ស្ត្រី តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកម្មវិធីនានាដើម្បីកាត់បន្ថយគម្លាតយេនឌ័រ សំដៅបង្កើនការចូលរួមរបស់ស្ត្រីដោយស្មើភាព និងស្មើសិទ្ធិជាមួយបុរសក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
ជាក់ស្តែងបច្ចុប្បន្ននេះ បើទោះបីស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍នៅតែខិតខំបន្តអនុវត្តការងារមួយចំនួនដែលឆ្លើយតបនឹងផលប្រយោជន៍ និងសិទ្ធិស្ត្រី។ ស្ត្រីកម្ពុជា ជាពិសេសស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍មានការគាំពារដោយ “ច្បាប់ស្តីពីទេសចរណ៍” ដែលមានចែងក្នុងមាត្រា ៤៨-៤៩ និងមាត្រា៥០ សំដៅធានាឱ្យស្ត្រី និងកុមារមានសុវត្ថិភាព សេចក្ដីថ្លៃថ្នូរចៀសផុតពីការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច និងការជួញដូរ។ល។ ស្ត្រីត្រូវបានយកចិត្តទុកដាក់ឱ្យទទួលបានការចូលរួម និងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងទម្រង់រដ្ឋ-ឯកជន-ប្រជាជន និងដៃគូអភិវឌ្ឍន៍ (4Ps : Public-Private-People-Partnership) តាមរយៈឱកាសការងារដែលនាំមកនូវប្រាក់ចំណូល និងភាពអង់អាចផ្នែកសេដ្ឋកិច្ច។
ក្រៅពីនេះ គោលនយោបាយជាតិទេសចរណ៍ និងផែនការកម្មវិធីនានារបស់ក្រសួងទេសចរណ៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ ដែលគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងផ្តល់ផលប្រយោជន៍ផ្ទាល់ទៅដល់ប្រជាពលរដ្ឋទាំងប្រុសទាំងស្រី ចូលរួមដល់ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ក្រសួងតែងតែជំរុញលើកទឹកចិត្ត និងតម្រង់ទិសស្ត្រីសហគមន៍ឱ្យប្រតិបត្តិសកម្មភាពទេសចរណ៍ បដិសណ្ឋារកិច្ច និងថែរក្សាប្រពៃណី ជីវភាពសហគមន៍ ដើម្បីទាក់ទាញទេសចរអាចរកចំណូលបន្ថែមពីសេវាកម្មនេះ។
ក្នុងឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជាពិភពលោកទាំងមូលរួមទាំងកម្ពុជា បាននិងកំពុងទទួលរងនូវផលវិបត្តិប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏ក្រសួងទេសចរណ៍នៅតែបន្តខិតខំអនុវត្តការងារមួយចំនួនស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីឱ្យស្ត្រីបានពង្រឹងសមត្ថភាព ទទួលបានបទពិសោធន៍ និងការយល់ដឹងពីអនុសញ្ញា (CEDAW) ព្រមទាំងច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងស្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
ក្រសួងក៏បានផ្សព្វផ្សាយទៅដល់សហគ្រិនស្ត្រី ឱ្យមើលឃើញពីកាលានុវត្តភាព ឈានទៅបង្កើតអាជីវកម្មខ្នាតតូច-មធ្យមក្នុងវិស័យទេសចរណ៍ និងសម្លឹងមើលពីឥលូវនេះដើម្បីត្រៀមទទួលលំហូរទេសចរនៅពេលដែលស្ថានភាពបានវិលទៅរកភាពល្អប្រសើរឡើងវិញ ពោលគឺនៅពេលដែលវិបត្តិកូវីដបានបញ្ចប់ទៅ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ក៏បានរៀបចំនូវសិក្ខាសាលាតម្រង់ទិសសហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ បើតាមការឱ្យដឹងពីលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍៖ «ការតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មីក្នុងវិស័យទេសចរណ៍ គឺដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩»។
ទោះយ៉ាងនេះក្តី បើប្រៀបធៀបទៅឆ្នាំកន្លងទៅ វឌ្ឍនភាពការងារស្ត្រីនៅក្នុងវិស័យ “មាសបៃតង” មួយនេះ ស្ថិតក្នុងកម្រិតមួយដែលគួរពិចារណា ប៉ុន្តែការណ៍នេះមិនមែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់និងអន្តរជាតិផងដែរ។ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍ប្រឈមនឹងការបាត់បង់ការងារដោយសារតែមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនត្រូវបានបិទ/ផ្អាក។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងទេសចរណ៍ក៏ដូចជារាជរដ្ឋភិបាលបានដាក់ចេញនូវផែនការ និងវិធានការជាច្រើនដើម្បីជួយសម្រួលការលំបាកដល់វិស័យឯកជន និងកម្មករ និយោជិត ជាពិសេសជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ផ្តល់កម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Online) ដោយឥតគិតថ្លៃ ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងថ្មីៗ អាចឱ្យស្ត្រីឈានទៅប្រកបអាជីវកម្មខ្នាតតូច ឬមធ្យមដោយខ្លួនឯងបាន។
គោលនយោបាយ និងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាសនៃវិបត្តិនេះដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក ទោះបីថាយើងមិនទាន់ទទួលបានទេសចរអន្តរជាតិក៏ដោយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២១៕