ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ត្រៀមបើកអាជីវកម្មខារ៉ាអូខេ ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃ៣០ វិច្ឆិកា ២០២១

ភ្នំពេញ)៖ ក្នុងគោលបំណងជួយសម្រួលដល់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការ និងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ-១៩ និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានដាក់ចេញនូវ «វិធានសុវត្ថិភាពសម្រាប់អាជីវកម្មខារ៉ាអូខេ» ដោយភ្ជាប់នូវលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។
ការបើកដំណើរការអាជីវកម្មខារ៉ាអូខេឡើងវិញនេះ នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់បុគ្គលិកនយោជិត និងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មខារ៉ាអូខេទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ១១២ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេ ដូចខាងក្រោម៖
១៖ ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ១១២ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជីវកម្មខារ៉ាអូខេ ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ណែនាំចម្បងសម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ។
២៖ អាជីវកម្មខារ៉ាអូខេត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងត្រូវមានស្មារតីភ្ញាក់រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះមុខ ដោយធ្វើការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មខារ៉ាអូខេក្នុងបរិបទ (គន្លងប្រក្រតីភាពថ្មី)។
៣៖ អាជីវកម្មខារ៉ាអូខេត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពសេវាកម្ម ការបម្រើសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
៤៖ អាជីវកម្មខារ៉ាអូខេត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលស្តីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេឱ្យបានជាប្រចាំ។
៥៖ អាជីវកម្មខារ៉ាអូខេ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែង ដោយជំរុញឱ្យបុគ្គលិកទាំងអស់រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ចំនួនដូសតាមការកំណត់របស់ក្រសួងសុខាភិបាល។
៦៖ អាជីវកម្មខារ៉ាអូខេត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម៕
ខាងក្រោមនេះជាសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេ៖

 
 

 
 
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.