ក្រសួងទេសចរណ៍បន្តការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាច្រើន ទៅកាន់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍វៀតណាម

ក្រសួងទេសចរណ៍បន្តការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាច្រើន ទៅកាន់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍វៀតណាម

(ហូជីមិញ-វៀតណាម)៖ ទន្ទឹមនឹងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៥ ដែលបាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះ ក្រសួងទេសចរណ៍កម្ពុជាក៏បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារ REX នារសៀលថ្ងៃទី០៥ ខែកញ្ញា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅទីនោះផងដែរ។

ក្រោមការសម្របសម្រួលពីសំណាក់លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅស្រុក នៃក្រសួងទេសចរណ៍ តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air តំណាងទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) តំណាងសណ្ឋាគារ Dara Airport តំណាងសណ្ឋាគារសុខា (ភ្នំពេញ សៀមរាប-អង្គរ កំពត-បូកគោ និងព្រះសីហនុ) បានឡើងធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាជាបន្តបន្ទាប់ ព្រមទាំងបានផ្សព្វផ្សាយពីសក្ដានុពលលើវិស័យទេសចរណ៍ជាច្រើនរបស់កម្ពុជា។

ការត្រៀមទទួលបដិសណ្ឋារកិច្ចល្អ និងគោលដៅទេសចរណ៍ជាច្រើនសំខាន់របស់កម្ពុជា ដូចជានៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ កំពត បាត់ដំបង កំពង់ធំ ក្រចេះ ស្ទឹងត្រែង កណ្ដាល កោះកុង តំបន់ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងបណ្ដាគោលដៅមួយចំនួនទៀត ត្រូវបានអធិប្បាយយ៉ាងក្បោះក្បាយជាមួយនឹងការបញ្ចាំងរូបភាព និងវីដេអូផងដែរ។ ក្រៅពីនោះ ក៏មានការធ្វើបទបង្ហាញពីសេវាកម្មស្នាក់នៅ សេវាដឹកជញ្ជូនតាមផ្លូវអាកាស សេវាម្ហូបអាហារ និងចំណុចពាក់ព័ន្ធជាច្រើនទៀត។

ក្រោយធ្វើបទបង្ហាញពីសំណាក់មន្ត្រីក្រសួងទេសចរណ៍ និងផ្នែកឯកជនទៅពីកម្ពុជារួចមក អង្គសិក្ខាសាលាបានលើកឡើងនូវសំណួរ-ចម្លើយយ៉ាងផុសផុល ដែលទិដ្ឋភាពនេះហាក់បង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍វៀតណាម។

ទោះយ៉ាងណា សិក្ខាសាលានេះក៏បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅកម្ពុជា ហើយនៅរាត្រីថ្ងៃទី០៥ ខែកញ្ញានេះផងដែរ ក្រសួងទេសចរណ៍កម្ពុជាក៏មានរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយទៀត នោះគឺ «រាត្រីកម្ពុជា ឬហៅថា Cambodia Night» ពោលគឺពេញមួយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៥ នៅទីក្រុងហូជីមិញនេះ កម្ពុជាពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយពីសក្ដានុពល និងគោលដៅទេសចរណ៍របស់ខ្លួន សំដៅជំរុញកំណើនទេសចរអន្តរជាតិឱ្យទៅទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ការខិតខំរបស់ក្រសួងទេសចរណ៍ក្នុងឱកាសរៀបចំពិព័រណ៍អន្តរជាតិនៅប្រទេសវៀតណាម និងការប្រឹងប្រែងកន្លងមកនោះ ហាក់បញ្ជាក់ថា ការផ្សព្វផ្សាយគោលដៅទេសចរណ៍នៅក្រៅប្រទេស ពិតជាចាំបាច់យ៉ាងសំខាន់សម្រាប់ការជំរុញកំណើនទេសចរអន្តរជាតិ។

សូមជម្រាបថា នៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍វៀតណាមអន្តរជាតិ លើកទី១៥ ឆ្នាំ២០១៩» នេះផងដែរ គឺមានក្រុមហ៊ុនអ្នកលក់ (Sellers) ចូលរួមចំនួន ៣១៥ក្រុមហ៊ុន និងក្រុមហ៊ុនអ្នកទិញ (Buyers) ចំនួន ៣០០ក្រុមហ៊ុន មកពី១៧ប្រទេស។ ចំពោះកម្ពុជាមានក្រុមហ៊ុនចំនួន ១២ក្រុមហ៊ុន ចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះ។

ចាប់តាំងពីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះមក កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមរៀងរាល់ឆ្នាំ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាម និងបណ្ដាប្រទេសនានាជុំវិញពិភពលោក ត្រូវបានពង្រឹង ពង្រីកកាន់តែរឹងមាំ ពិសេសគោលដៅទេសចរណ៍ជាច្រើនរបស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍នេះផងដែរ។

ដោយសារតែការខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសយ៉ាងដូច្នេះហើយ បានជានៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុងអត្រាប្រមាណ ១០.៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ កម្ពុជាក៏បានបង្ហាញការរំពឹងទុកថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរជាង ៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ប៊ីលានដុល្លារ បង្កើតឱកាសការងារបានប្រមាណជិត ១លាននាក់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.