ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប

កាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ “គម្រោងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប” ក្រោមប្រធានបទ៖ យុទ្ធសាស្ត្រទាក់ទាញទេសចរតាមរយៈការបត់បែនតាមទីផ្សារទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

សិក្ខាសាលាពិគ្រោះយោល់លេីកទី២នេះ បង្ហាញអំពីការវិភាគស្ថានភាព និងអត្តចរិកទីផ្សារទេសចរណ៍មកខេត្តសៀមរាប និងការរៀបចំតំបន់សំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពទាក់ទាញ ព្រមទាំងមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ បែងចែកចំនួន០២ក្រុម ដូចខាងក្រោម៖

ក្រុមទី១. យន្តការរៀបចំបាច់សម្រាប់ការបត់បែនតាមទីផ្សារទេសចរណ៍សំខាន់ៗ ដឹកនាំដោយលោកសាស្រ្តាចារ្យ Boris Viallet និងឯកឧត្តម ឆាយ ឃុនឡុង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៏។ លោក Boris Viallet ធ្វើការបង្ហាញឱ្យយើងស្គាល់កាន់តែច្បាស់ពីតម្រូវការ និងអត្តចរិតខុសៗរបស់ភ្ញៀវអន្តរជាតិដែលមកកាន់ខេត្តសៀមរាបទាំងភ្ញៀវអឺរ៉ុប អាស៊ាន ចិន និងភ្ញៀវក្នុងស្រុក និងបង្ហាញពីភាពចាំបាច់នៃការសម្របយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ទៅតាម ប្រភេទភ្ញៀវទេសចរ ដើម្បីធ្វើឱ្យចំនួនភ្ញៀវទេសចរមាន ការកើនឡើងវិញ។ លោកបង្ហាញបន្ថែមទៀតនូវយុទ្ធសាស្រ្តមួយចំនួន ដូចជាការទាក់ទាញភ្ញៀវក្រុមតូចៗ ដែលមានចំនួនតិច ប៉ុន្តែចំណាយថវិកាច្រើននៅនឹងកន្លែង យុទ្ធសាស្រ្តភ្ជាប់ផលិតផលទេសចរណ៍ជាកញ្ចប់ “Siem Reap Pass” ដែលជាយុទ្ធសាស្រ្តមួយដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការបង្វែរលំហូរទេសចរទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តសៀមរាប និងយុទ្ធសាស្រ្តផ្សេងៗទៀតមកពិភាក្សាពិគ្រោះយោបល់នៅក្នុងសិក្ខាសាលាថ្ងៃនេះ។

ក្រុមទី២. Zoning តំបន់ទេសចរណ៍សៀមរាបសំខាន់ៗ ដឹកនាំដោយលោកសាស្រ្តាចារ្យ Pornnarong Charnnuwong និងលោកស្រីបណ្ឌិត ប៊ុន កញ្ញារ៉ា។ លោកសាស្រ្តចារ្យបង្ហាញពីគោលគំនិតល្អៗ ថ្មីៗនៃការរៀបចំទេសចរណ៍នៅតាមតំបន់សំខាន់ៗដោយផ្អែកទៅលើប្លង់គោលប្រើប្រាស់ដីរបស់ក្រុងសៀមរាប និងខេត្តសៀមរាប។

សិក្ខាសាលាពិគ្រោះយោបល់នឹងបញ្ចប់នៅថ្ងៃស្អែក។