ក្រសួងទេសចរណ៍៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប នឹងជំរុញឱ្យខេត្តនេះក្លាយជាគោលដៅទេសចរណ៍មានភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

(កែប)៖ ខណៈការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាននិងកំពុងដំណើរការជាបណ្ដើរៗហើយនោះ ក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ក្រោមអធិបតីភាពឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ព្រមជាមួយឯកឧត្ដម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប នៅសាលាខេត្តកែប នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បានលើកឡើងថា ដើម្បីគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគិរី។
ឯកឧត្ដម នី ផល្លី បានបន្តថា ដំណើរការនៃការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍៍ទេសចរណ៍ខេត្តកែបនេះ ត្រូវបានចាប់អនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយចាប់ពីពេលនេះតទៅមុខ នឹងមានការចូលរួមផ្ដល់ធាតុចូល និងផ្ដល់ការគាំទ្រពីសំណាក់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដើម្បីឱ្យការរៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវរួម។
លោកបានបន្តទៀតថា ដោយសារវិស័យទេសចរណ៍ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះការរៀបចំផែនការមេនេះត្រូវគិតគូរជាអន្តរវិស័យ ដូចជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានដែលមានជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀតដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្របតាមឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រដទៃទៀត។
ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គឺមានគោលបំណង៖
* អភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
* បង្កើនគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់នៅរបស់ទេសចរ នៅគ្រប់រដូវកាលឲ្យបានកាន់តែយូរ។
* ធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដោយផ្តោតលើផលិតផលទេសចរណ៍តាមគោលដៅ។
* ធានាដល់ចីរភាពនៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។
លោក នី ផល្លី បានបន្តទៀតថា មកដល់ពេលនេះ ក្រុមការងារបានបញ្ចប់នូវប្លង់គោលគំនិត (Concept note) នៃការសិក្សាមួយរួចហើយ និងកំពុងបន្តប្រមូល និងវិភាគទិន្នន័យ ដើម្បីឈានដល់ការសរសេរសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។
នាឱកាសនោះ ឯកឧត្ដម ទិត ចន្ថា ក៏បានណែនាំដល់ក្រុមការងារដែលចូលរួមសិក្សារៀបចំផែនការមេនេះ ត្រូវរួមគ្នាគិតគូរទាំងភាពវិជ្ជមាន អវិជ្ជមាន និងការគ្រប់គ្រងហានិភ័យទៅលើផ្នែកបរិស្ថាន ប្រព័ន្ធទឹកស្អាត សំណង់ សូរិយោដី សាធារណការ និងផ្នែកពាក់ព័ន្ធដទៃទៀត សំដៅធ្វើឱ្យភ្ញៀវទេសចរដិតជាប់ការចងចាំចំណុចពិសេសៗ ក្រោយបានមកទស្សនាខេត្តនេះ។
ក្រសួងទេសចរណ៍ក៏បានស្នើឱ្យរដ្ឋបាលខេត្តកែបបង្កើតក្រុមការងារជំនាញមួយ ដើម្បីគាំទ្រ និងចូលរួមក្នុងការសិក្សាស្រាវជ្រាវជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ សម្រេចបានប្រកបដោយភាពត្រឹមត្រូវ សមភាព តម្លាភាព និងធានាបាននិរន្តរភាព។
ឯកឧត្ដម កែន សត្ថា បានបង្ហាញការគាំទ្រចំពោះសំណើរបស់ក្រសួងទេសចរណ៍ និងបានលើកសំណើគម្រោងផែនការមួយចំនួនដាក់បញ្ចូលទៅក្នុងផែនការមេខាងលើ ដូចជាការអភិវឌ្ឍឆ្នេរខ្សាច់ទេសចរណ៍ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់រហូតដល់ព្រៃកោងកាង) និងឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក៏ដូចជាការបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចនៅកោះទន្សាយ ការរៀបចំឱ្យមានកន្ត្រកខ្សែរ៉កសម្រាប់ឱ្យទេសចរជិះលេងកម្សាន្តពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀតជាដើម។
បើតាមឯកឧត្ដម នី ផល្លី សេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.