ក្រសួងបរិស្ថាន លើកពីទិដ្ឋភាពធម្មជាតិស្រស់ស្អាត នៃសហគមន៍ជីផាត
កោះកុងៈ ក្រសួងបរិស្ថាន បានលើកពីសក្តានុពលសម្រស់ធម្មជាតិ នៃសហគមន៍ជីផាត ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលភ្ញៀវទេសចរ គួរទៅទស្សនា។
ការទៅទស្សនាសហគមន៍ជីផាតនៃជួរភ្នំក្រវាញភ្ញៀវទេសចរ អាចងូតទឹកជ្រោះ ជិះម៉ូតូកម្សាន្តតាមភូមិ ហូបផ្លែឈើតំបន់ ជិះទូកទស្សនាទេសភាពតាមស្ទឹងព្រាត់ ស្ទឹងជីផាត ជាទិដ្ឋភាពស្រស់ស្អាតដែលអ្នកស្រលាញ់ធម្មជាតិចងចាំមិនអាចបំភ្លេចបានពីសហគមន៍មួយនេះ។
បើយោងតាមក្រសួងបរិស្ថាន សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ២០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ភ្ញៀវទេសចរជាតិ អន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់ស្រស់ស្អាតនេះតាមផ្លូវជាតិលេខ ៤៨ រួចបន្តដំណើរទៅកាន់ស្រុកស្រែអំបិលពីស្ពានស្រែអំបិល ចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រ តាមផ្លូវគ្រួសក្រហម បានទៅដល់កំពង់ចម្លងជីផាត និងឆ្លងប្រមាណ ១៥ នាទី ទៀតទើបលោកអ្នកបានដល់ភូមិ ជីផាតតែម្តង៕