កីឡាដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រេចបាន​លទ្ធផល ៤០%

(​ភ្នំពេញ​)៖ កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​ប្រមាណ ៤០% ហើយ ក្នុងនោះ​ការងា​រគ្រឿង​បង្គុំ​សម្រេចបាន ៨០% ដែល​ពិធី​អបអរ​នៃ​ការដំឡើង​បង្គុំ​កៅអី​អង្គុយ​ជា​និមិត្តរូប​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែងថា តាងនាម​ឱ្យ​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​តំណាង​គណៈកម្មការ​សាងសង់ ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​យ៉ាងខ្លាំង នៅក្នុង​ពិធី​អបអរ​នៃ​ការដំឡើង​បង្គុំ​កៅអីអង្គុយ ដែល​ជា​និមិត្តរូប​នៃ​ការលេចចេញ​ជា​រូ​បរាង្គ​របស់​អគារ​ពហុ​កីឡដ្ឋាន​ធំ នាពេលនេះ​។​

​ឯកឧត្តម​បន្ថែមថា កម្ពុជា​ពិតជា​អរគុណ​ចំពោះ​ជំនួយឥតសំណង​ដ៏​ធំធេង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​មាន​ទឹកប្រាក់​ប្រ​មា​ណ ១៦០​លាន​ដុល្លារ​អាមេរិក​។ សមិទ្ធផល​ដ៏​ធំធេង នៃ​ការសាងសង់​នាពេលនេះ មិន​ត្រឹមតែ​បាន​បញ្ជាក់​ពី​សក្ខីភាព​នៃ​ទំ​នាក់​ទំនង​មិត្តភាព និង​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំណង់​ដ៏​ស្កឹមស្កៃ​នេះ ក៏បាន​ផ្តល់​ឱកាស​ការ​ងារ​ដល់​ប្រជាពលរដ្ឋ និង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្មករ​រាប់រយ​នាក់​ទៀត​ផង​។​

​ឯកឧត្តម​បញ្ជាក់ថា សមិទ្ធផល​ដែល​សម្រេចបាន​នាពេលនេះ ក៏ដូចជា​កិច្ចការ​កំពុងដំណើរកា​រ​សាងសង់​នេះ គឺ​កើត​ចេញពី​ការ​ខិត​ខំ​រួមគ្នា​ជួយ​លើ​គ្រប់​កិច្ចការ​ទាំងអស់​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​បាន​ជួយ​ជំរុញ​ដល់​កិច្ចការ​នេះ បាន​ដំ​ណើរ​ការ​​ដោយ​រលូន និង​សម្រេចបាន​ផល​ជា​ដំណាក់កាលៗ​។​

​គម្រោង​សាងសង់​នេះ​នឹង​ត្រូវ​បញ្ចប់ និង​ប្រគល់ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដំណាច់ឆ្នាំ​២០២០ ខាងមុខ​។​

​តំណាង​ក្រុមហ៊ុន​សាងសង់ បានបញ្ជាក់​ថា បច្ចុប្បន្ន នៅក្នុង​ការដ្ឋាន​សាង់សង់​ប្រើប្រាស់​កម្មករ​ជំនាញ​ចិន​ចំនួន ៥៨០ និង​កម្មករ​ខ្មែរ​ចំនួន ២៤០​នាក់ ហើយ​ការផលិត​គ្រឿង​បង្គុំ​កៅអីអង្គុយ និង​ការដំឡើង​កៅអីអង្គុយ​អាច​នឹង​រួចរាល់​នា​ខែ​មិថុនា​ខាង​មុខ​៕​