ខេត្ត​ព្រះសីហនុ កំពត និង​កែប ទទួលបាន​គ្រឿងចក្រ​សម្អាត​ឆ្នេរ ៣​គ្រឿង តម្លៃ​ជិត​៤២​ម៉ឺន​ដុល្លារ សម្រាប់​សម្អាត​ឆ្នេរ​

(​ព្រះសីហនុ​)៖ ក្រោម​ការដឹកនាំ និង​ដាស់តឿន​ក្រើនរំលឹក​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) ដែលមាន​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​ប្រធាន បាន​ខិតខំ​យក ចិត្ត ទុកដាក់​លើ​ការទប់ស្កាត់​ទឹក​សម្អុយ​មិន​ឲ្យ​ហូរ​ចូល​ទឹកសមុទ្រ និង​ខិតខំ​រិះរក​គ្រប់​វិធី​ដើម្បី​សម្អាត​ឆ្នេរ​ឲ្យបាន​ស្អាត​ផង​ដែរ​។​

​ផ្ដើមចេញ​ពី​ការយកចិត្តទុកដាក់​ទាំ​ង​នេះ គ​.​អ​.​ឆ​.​ក បានប្រគល់​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ចំនួន ៣​គ្រឿង តម្លៃ​សរុប​ចំនួន ៤១៧,៩០០​ដុល្លារ ដល់​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន​៣ រួម​មាន​ខេត្ត​ព្រះសីហនុ ទទួលបាន​២​គ្រឿង ហើយ​ខេត្ត​កំពត និង​ខេត្ត​កែប ទទួល បាន​១​គ្រឿង​រួមគ្នា ដើម្បី​បម្រើ​ដល់​ការងារ​សម្អាត​ឆ្នេរសមុទ្រ​។​

​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅ​សាលាខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​អធិបតីិភាព​ឯកឧត្ត​ម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​អ​.​ឆ​.​ក ក្នុងនាម​តំណាង​ឧប នាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក​-​លោកស្រី​អភិបាលរង​ខេត្ត​កំពត និង​ខេត្ត​កែប ព្រមទាំង​មន្ត្រីរាជការ​មួយចំនួន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពី​ភាព​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍ ពិសេស​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន ឱ្យ​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​ខេត្ត​មួយ​នេះ ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និង​ផ្លូវទឹក ដូច្នេះ​ហើយ​អាជ្ញាធរ​ក៏​ត្រូវ​ការពារ​ឆ្នេរសមុទ្រ​ឱ្យបាន​ស្អាត​ផង​ដែរ​។​

​ឯកឧត្តម ថោង ខុន បាន​បន្តថា ក្រោម​ការចង្អុលបង្ហាញ​របស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ទើប​គណៈកម្មាធិការ​មួយ​នេះ​សម្រេច​ផ្ដល់​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ចំនួន ៣​គ្រឿង ដល់​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំងបី​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មាន​យន្តការ​គ្រប់គ្រង ប្រើប្រាស់ និង​ថែទាំ​គ្រឿងចក្រ​ទាំងនេះ ដោយ​ឯកឧត្តម​បាន​ចាត់តាំង​មន្ទីរ​ទេសចរណ៍​ខេត្ត​នីមួយៗ ជា​សេនាធិការ​ឱ្យ គ​.​អ​.​ឆ​.​ក ថ្នាក់​ខេត្ត​នី​មួយៗ​ត្រូវ​គ្រប់គ្រង និង​ប្រើប្រាស់​គ្រឿងចក្រ​ទាំងនេះ​ឱ្យ​មាន​ប្រ សិទ្ធភាព ហើយ​ក្រុម​អ្នកជំនាញ​ក៏​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការប្រើប្រាស់ ថែទាំ​គ្រឿងចក្រ​ទាំងនេះ​។​

​ឯកឧត្តម​មន្ត្រី​បាន​បន្តែមទៀតថា គ្រឿងចក្រ​សម្អាត​ឆ្នេរ​ទាំងនេះ ក៏​អាច​ពិចារណា​យក​ទៅ​កោះរ៉ុង​មួយ​គ្រឿង​ក៏​បាន ហើយ គ​.​អ​.​ឆ​.​ក ក៏​នឹង​ខិតខំ​រក​គ្រឿងចក្រ​សម្អាត​ឆ្នេរ​នេះ​ឱ្យ​បាន​មួយ​គ្រឿង​ទៀត សម្រាប់​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​កោះកុង​ទុក​ប្រើប្រាស់​ផងដែរ​។​

​ឯកឧត្តម​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់គ្នា ត្រូវ​ការពារ​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​ទឹកសមុទ្រ ត្រូវ​គ្រប់គ្រង និង​សម្អាត​ឆ្នេរ​ឱ្យខាងតែបាន គ្រប់​ឆ្នេរ​ទាំងអស់​ដែល​ជា​របស់​សាធារណៈ​ត្រូវតែ​ស្អាត ឆ្នេរ​ណា​ដែល​គ្រប់គ្រង​ដោយ​ឯកជន ក៏​ត្រូវ​ស ហការ​គ្នា​សម្អាត​ឱ្យបាន​ស្អាត​ផង​ដែរ ធ្វើយ៉ាងណា​ធានា​ឱ្យ​ទឹកសមុទ្រ និង​ឆ្នេរ​ក៏​ត្រូវតែ​ស្អាត​។​


​ម្យ៉ាងទៀត អាជ្ញាធរ​ដែនដី មន្ទីរ អង្គភាព កងកម្លាំង​សមត្ថកិច្ច ក៏​ត្រូវ​សហការ​គ្នា​ខិតខំ​ប្រឹងប្រែង​ថែរក្សា ការពារ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​ឱ្យ​មាន​ប្រសិទ្ធភាព​។ ការ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការអភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត និង​ដើម្បី​ទាក់ ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​ថែមទៀត​ផង​ដែរ​។​

​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ៣​ខែ ឬ​៤​ខែ​ទៀត ស្ថានីយ​បូមទឹក​សម្អុយ​បណ្តោះអាសន្ន​ទាំង​៤ សម្រាប់​ស្ទាក់​ទឹក​កខ្វក់​កុំឱ្យ​ហូរ​ចូល​ទឹកសមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​សាងសង់​ឡើង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវទេសចរ​ទាំងឡាយ សូម​ចូលរួម​ជាមួយ​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ទាំង នេះ ចូលរួម​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សំរាម អនាម័យ និង​ចូលរួម​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ទាំងអស់គ្នា​។ អ្វីៗ​ទាំងអស់​ដែល​បាន​និង​កំពុង​ធ្វើ គឺ​សំដៅ​ចូលរួម​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ នៅ​ឆ្នាំ​២០២០ ទាំងអស់គ្នា​៕​