គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត ជំរុញឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់បន្តកិច្ចប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង

គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត ជំរុញឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់បន្តកិច្ចប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង

គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត ជំរុញឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់បន្តកិច្ចប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត បានជំរុញហើយជំរុញទៀតឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ការជំរុញនេះ ត្រូវបានធ្វើឡើងជាថ្មីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងនីតិវិធីនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ក្រោមអធិបតីភាពឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្តម ជា បូរ៉ា បានថ្លែងថា ក្របខណ្ឌថ្នាក់ជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាជម្រើសយុទ្ធសាស្រ្តដ៏សមស្របបំផុតមួយ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍បៃតង និងរួមចំណែកធ្វើឲ្យកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង។

ឯកឧត្តមបានជំរុញឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ដោយត្រូវប្រកាន់ខ្ជាប់នូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងជំនាន់ក្រោយផង»។

គួរបញ្ជាក់ថា កម្ពុជាបានធ្វើការប្រកាសផ្សព្វផ្សាយជាផ្លូវការ នៃការដាក់ឲ្យដំណើរការនៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិចំនួន ២លើក រួចទៅហើយ ដែលការប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើងនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយឡែក នៅកម្រិតតំបន់អាស៊ានក៏តម្រូវឲ្យមានការរៀបចំអភិវឌ្ឍតំបន់អាស៊ាន ឲ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ និងប្រកបដោយគុណភាព ជូនភ្ញៀវទេសចរនូវបទពិសោធន៍ដ៏សម្បូរបែប និងចងចាំ ព្រមជាមួយនឹងការធានានូវការអភិវឌ្ឍទេសចរណ៍មួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ និងបែងចែកផលប្រកបដោយសមធម៌ សំដៅរួមចំណែកយ៉ាងសំខាន់ក្នុងសុខុលមាភាពផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ប្រជាជនអាស៊ាន។ ក្នុងន័យនេះ ការរៀបចំបង្កើតនូវស្តង់ដាទេសចរណ៍នានារបស់អាស៊ាន រួមមាន៖ ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន ស្តង់ដាស៉្បា និងផាសុកភាពអាស៊ាន ស្តង់ដាបង្គន់សាធារណៈអាស៊ាន ស្តង់ដាទេសចរណ៍សហគមន៍អាស៊ាន និងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងស្ដង់ដា បន្ទប់ប្រជុំអាស៊ាន (MICE Venue) ជាដើម។

ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City Standard) គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលជាប្រទេសនាំមុខក្នុងការរៀបចំ ហើយត្រូវបានអនុម័តដាក់ឲ្យដំណើរការដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (M-ATM) លើកទី១៨ កាលពីខែមករា ឆ្នាំ២០១៥ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ តាមរយៈការដាក់ឲ្យដំណើរការស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ប្រទេសជាសមាជិកអាស៊ានបានប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍទីក្រុងទេសចរណ៍ទាំងអស់ ជាទីក្រុងស្អាតជាទីក្រុងបៃតងជាទីក្រុងមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងជាទីក្រុងទេសចរណ៍ ប្រកបដោយការទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដែលជាកត្តាគន្លឹះ និងជាមូលដ្ឋានដើម្បីធានានិរន្តរភាពនៃកំណើនទេសចរណ៍ និងក៏ជាមូលដ្ឋានទ្រទ្រង់ដល់ការធ្វើសមាហរណកម្មកម្ពុជា ក្នុងតំបន់អាស៊ានផងដែរ។

ឆ្លើយតបទៅនឹងបញ្ហានេះ កម្ពុជាបានចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ម្តងហើយកាលពីដើមឆ្នាំ២០១៨ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលកាលនោះក្រុងចំនួន៣របស់កម្ពុជា រួមមាន ក្រុងបាត់ដំបង ក្រុងកែប និងទីក្រុងសៀមរាប បានទទួលជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

សម្រាប់ការប្រឡងប្រណាំងលើកទី២នេះ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ រួមមាន៖ ក្រុងកំពត (ខេត្តកំពត) ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់) ក្រុងតាខ្មៅ (ខេត្តកណ្តាល) និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ និងឈានឆ្ពោះទៅរកជ័យលាភី ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសព្រុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០៕