គម្រោងរេដបូកកែវសីមា រកឃើញសំបុកសត្វក្រៀលមួយសំបុកទៀត ក្នុងដែនជម្រកសត្វព្រៃកែវសីមា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ -- មន្ត្រីគម្រោងរេដបូកកែវសីមាបានឱ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា បាន រកឃើញសំបុកសត្វក្រៀល ១សំបុក ជាថ្មីម្តងទៀតកាលពីខែសីហាកន្លងទៅថ្មីៗនេះ ដោយ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំ ខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានភូមិសាស្ត្រស្ថិតនៅក្នុង ភូមិស្រែអណ្តោល ដែលជាព្រំប្រទល់រវាង ខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ។
តាមរយៈការពិនិត្យទៅលើសំបុក និងសំបកស៊ុតដែលបានញាស់ បានបង្ហាញ ឱ្យឃើញថា កូនសត្វក្រៀលចំនួន ២ក្បាល បានញាស់ចេញពីសំបុកដោយសុវត្ថិភាព។ សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈសកម្មភាពមួយចំនួនរបស់ មនុស្សដូចជា ការបំពុល ការរានដីធ្វើកសិកម្មនៅតំបន់ដីសើម ដែលបានប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់ទីជម្រក ចំណី អាហារ និងវត្តបន្តពូជរបស់សត្វប្រភេទនេះ។ សត្វក្រៀល គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក មានកម្ពស់ប្រហែល ១,៧០ម៉ែត្រ មានទម្ងន់ប្រមាណពី ៥-១២ គីឡូក្រាមសម្រាប់សត្វក្រៀលពេញវ័យ។ សត្វក្រៀលចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា ពីខែឧសភា ដល់ខែតុលា និងធ្វើ សំបុកពងកូននៅតាមវាលស្មៅធំៗដែលជាតំបន់ដីសើម ក្នុងដែនជម្រកសត្វព្រៃកម្ពុជា។
គូសបញ្ជាក់ផងដែរថា តំបន់ដែនជម្រកសត្វព្រៃកែវសីមាភាគខាងជើងរវាង ខេត្តមណ្ឌលគិរី និង ខេត្តក្រចេះក្នុងចំណុចភូមិសាស្ត្រភូមិស្រែអណ្តោល គឺជាទីតាំង ដ៏សំខាន់សម្រាប់វត្តមានសត្វក្រៀលក្នុងការបង្កកំណើតជារៀងរាល់ឆ្នាំ ប៉ុន្តែមួយ រយៈចុងក្រោយនេះព្រៃឈើនៅតំបន់នេះបាននឹងកំពុងរងការកាប់បំផ្លាញ ជាពិសេស ការរានដីធ្វើកសិកម្ម និងអាជីរកម្មបានកើតមានជាហូរហែរដែលបានប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់វត្តមាន និងការបង្កកំណើតរបស់សត្វបក្សីដ៏ធំមួយនេះ៕