គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​អាមេរិក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ និង​ឧបត្ថម្ភ​សម្ភារ​ពេទ្យ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​

(​កំពង់ធំ​)៖ តាមរយៈ​ការសម្របសម្រួល​ពី​សំណាក់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក ៣៥០​នាក់ បាន​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ស្រុក​តាំងគោក ព្រមទាំង​បាន​ឧបត្ថម្ភ​សម្ភារ​បរិក្ខា​ពេទ្យ​ជាច្រើន​មានតម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​ផងដែរ​។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​ចំនួន​ប្រមាណ ២០០​នាក់ មកពី​អង្គការ​លើកកម្ពស់​សុខ​ភាព​ ប្រកបដោយ​ចីរភាព ហៅ​កាត់ SHE (Sustai nable Health Empowerment) និង​មក​ពី​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA)​។​

​គិត​មកដល់​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៩​ហើយ ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម CHPAA​នេះ បាន​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ចល័ត​តាម​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​គ្នា មានដូចជា​រាជធានី​ភ្នំពេញ ខេត្ត​កោះកុង តាកែវ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រែ​វែង ស្វាយរៀង និង​លើក​ទី​៩​នេះ​នៅ​ខេត្តកំពង់ធំ​តែម្តង ដែល​ក្នុង​មួយឆ្នាំៗ គឺ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ៤-៥​ពាន់​នាក់​។ ដូច្នេះ​សរុប​ទាំង​៩​ឆ្នាំ (​បូក​នឹង​លើក​នេះ​) គឺ CHPAA បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា បាន​សរុប​ប្រមាណ ៤៥,០០០​នាក់​។​

​ដោយឡែក អង្គការ SHE គិត​មកដល់​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​អង្គការ​នេះ​បានដាក់​កម្មវិធី​ប្រចាំ​ឆ្នាំ​ចុះ​មក​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តែ​ចំនួន ៣​ខេត្ត​គោលដៅ​ប៉ុណ្ណោះ មានដូចជា ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដោយ​ក្នុង​មួយឆ្នាំៗ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ១,២០០​នាក់ ដូច្នេះ​សរុប​រយៈ ពេល​៥​ឆ្នាំ អង្គការ SHE បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​បាន​ប្រមាណ ៦,០០០​នាក់​។​

​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​លើក​ទី​៩​នេះ ធ្វើឡើង​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក ចាប់ពី​ថ្ងៃ​ទី​១១-១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​សហការ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក និង​កងកម្លាំង​សមត្ថកិច្ច​ក្នុងស្រុក​ផង​ដែរ​។​

​ក្នុង​ពិធី​បើក​ដំណើរការ​សកម្មភាព​ម​នុស្ស​ធម៌​ខាងលើ លោកស្រី Teri Tan និង​លោកស្រី Clark តំណាង​អង្គការ SHE បានឱ្យ ដឹងថា ការឧបត្ថម្ភ​ជូន​នូវ​សម្ភារ​បរិក្ខារ​សុខាភិបាល ដល់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​សន្ទុក នាពេលនេះ គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបម្រើ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​បារាយណ៍ ស្រុក​ស្ទុក និង​ស្រុក​តាំងគោក​។​

​តំណាង​អង្គការ​ទាំង​ពីរ​បាន​បន្តថា អង្គការ​របស់​លោកស្រី​នឹង​មក​ពិនិត្យ​ព្យាបាល​ជូន​ ប្រជាពលរដ្ឋ​នៅ​កម្ពុជា​បន្តបន្ទាប់​ទៀត ពិសេ ស​នៅ​ស្រុក​បារាយណ៍ នឹង​ធ្វើ​ឡើង​បន្ត​ទៀត​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ​។​

​លោក​វេជ្ជបណ្ឌិត Song Tan ប្រធាន​សមាគម CHPAA បានឱ្យដឹងថា សមាគម​របស់​លោក​មិន​ត្រឹម​តែ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង់​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​ប្រទេសជាតិ ស្រលាញ់​សន្តិភាព និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ទៀត​ដែរ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ស្រុក​ទាំង​បី​ខាងលើ សូម​រួសរាន់​មក​ទទួល​សេវា​សុខាភិបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក ដែល​មាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​។​

​លោក​អភិបាលខេត្ត ក៏​បាន​ដាស់តឿន​ដល់​ក្រុម​គ្រូពេទ្យ ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក ត្រូវ​ចូលរួម​សហការ​ជាមួយ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មកពី​សហរដ្ឋអាមេរិក​ឱ្យ​សស្រាក់សស្រាំ ហើយ​ត្រូវ​ពង្រឹង​យន្តការ​នៅ​មូលដ្ឋាន​ឱ្យបាន​ជា​ប្រចាំ ពី​ព្រោះ​ការ​ចុះជួយ​ពិនិត្យ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ គឺ​គ្រាន់តែ​ជា​ការងារ​បណ្តោះអាសន្ន ដូច្នេះ​សំខាន់បំផុត​គឺ​ការងារ​ប្រចាំ​ថ្ងៃ​នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា ចុះ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ស្រុក​តាំងគោក នាពេលនេះ​។ ឯកឧត្តម​បាន​អំ ពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​សង្ស័យ​ថា​ខ្លួន​មាន​ជំងឺ ឬ​កំពុង​មាន​ជំងឺ សូម​រួសរាន់​មក​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​ខ្លួនជា មួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក និង​ក្រុមគ្រូពេទ្យ​ខ្មែរ ដែល​មាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ យើង​ត្រូវការ​ចាំបាច់​ថែរក្សា​នូវ​សុខ​សន្តិិភាព ស្ថិរភាព​នយោបាយ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដដែល​នេះ សូម​បន្ត​ជួយ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទាំង​បី និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សូមជម្រាបថា សម្ភារ​ពេទ្យ​ដែល​ត្រូវ​ប្រគល់ជូន​មន្ទីរពេទ្យបង្អែក​ស្រុុ​ក​បារាយណ៍​-​សន្ទុក​នោះ រួមមាន​៖ ម៉ាស៊ីនកម្ដៅ​ទារក (​ទារក​កើត​មិន​គ្រប់​ខែ​) ម៉ាស៊ីន​អេកូ គ្រែ​រុញ​អ្នកជំងឺ ម៉ាស៊ីន​សម្រាប់​វះកាត់​ប្រព័ន្ធ​អេឡិចត្រូនិច ភ្លើង​បញ្ចាំង​សម្រាប់​វះកាត់ ម៉ាស៊ីន​សម្រាប់​សណ្តំ ភ្លើង​បញ្ចាំង​សម្រាប់​ពិនិត្យ​ជំងឺ ម៉ាស៊ីន​ចាប់​សញ្ញា​ជីវិត ធុង​អុកស៊ីសែន ម៉ាស៊ីន​កន្ត្រាក់​បេះដូង ទូទឹកកក​ដាក់​វត្ថុ​ពិសោធន៍ និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ទៀត សរុប​ជា​ទឹកប្រាក់​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ក្រោយពី​បញ្ចប់​ពិធី​ប្រគល់​-​ទទួល​សម្ភារ​ពេទ្យ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន លោកស្រី Teri Tan លោកស្រី Clark លោក​វេជ្ជបណ្ឌិត Song Tan រួមទាំង​មន្ត្រីរាជការ​នៃ​ក្រសួង​ទេសចរណ៍ និង​មន្ត្រី​មូលដ្ឋាន បាន​បន្ត​ចុះទៅ​ប្រគល់​អណ្ដូងទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចំនួន ២​កន្លែង (​តំណាង​ឱ្យ​អណ្ដូងទឹក​ទាំង​១០​កន្លែង​) ដែល​ជា​អំណោយ​របស់​អង្គការ SHE និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ ប្រកប​ដោយ​ភាពស្និទ្ធស្នាល​៕​