ជប៉ុនប្ដេជ្ញាជួយកម្ពុជា ពង្រឹងអ្នកជំនាញទេសចរណ៍ឱ្យកាន់តែច្រើន ពេលមានការហោះហើរពីជប៉ុនមកសៀមរាប នាចុងឆ្នាំ២០១៩។

ជប៉ុនប្ដេជ្ញាជួយកម្ពុជា ពង្រឹងអ្នកជំនាញទេសចរណ៍ឱ្យកាន់តែច្រើន ពេលមានការហោះហើរពីជប៉ុនមកសៀមរាប នាចុងឆ្នាំ២០១៩។

(ភ្នំពេញ)៖ តំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមនៅចំពោះមុខថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជាយ៉ាងដូច្នេះថា នៅពេលមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងធំៗមួយចំនួនរបស់ជប៉ុនមកកាន់សៀមរាប-អង្គរ នាចុងឆ្នាំ២០១៩ ភ្ញៀវទេសចរជប៉ុន ព្រមទាំងភ្ញៀវទេសចរមកពីប្រទេសទី៣ នឹងមានការកើនឡើងកាន់តែច្រើននៅកម្ពុជា ដូច្នេះហើយកម្ពុជាត្រូវពង្រីក និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍បានច្រើនបន្ថែមទៀត។
ទន្ទឹមនឹងការជឿជាក់យ៉ាងដូច្នេះ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក៏បានប្ដេជ្ញាជួយភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ភាសាជប៉ុនឱ្យបានច្រើនបន្ថែមទៀតផងដែរ ដើម្បីត្រៀមទទួលកំណើនទេសចរជប៉ុននាពេលខាងមុខ។
ជាក់ស្ដែង នាថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រួមជាមួយក្រសួងទេសចរណ៍កម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សាស្រ្តាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនយ៉ាម៉ាម៉ូតុ មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាជប៉ុន សរុបប្រមាណ ១១៦នាក់។
ក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តម ប៉ាក់ សុខុម បានបន្តថា សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចំពេលវេលា និងស្របតាមសំណូមពររបស់អ្នកជំនាញទេសចរណ៍ នៅក្នុងការចូលរួមកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ជាពិសេសលើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ ក្នុងការចូលរួមផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងពេញចិត្តពីសំណាក់ភ្ញៀវទេសចរ ជាពិសេសទេសចរជប៉ុន ដែលបាននិងកំពុងមានការកើនឡើងជាលំដាប់ ក្នុងការមកទស្សនានៅកម្ពុជា។
តបតាមសំណើរបស់ឯកឧត្តមរដ្ឋលេខាធិការ ភាគីជប៉ុនបានយល់ព្រមបន្តសហការ និងគាំទ្រដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីអភិវឌ្ឍសមត្ថភាពកាន់តែមានភាពជំនាញ ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា ដែលមានការកើនឡើងជាលំដាប់ ជាពិសេសដើម្បីត្រៀមទទួលភ្ញៀវទេសចរជប៉ុន នៅពេលមានការបើកការហោះហើរដោយផ្ទាល់ ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាប នាចុងឆ្នាំ២០១៩ ខាងមុខនេះ។
គួរកត់សម្គាល់ថា សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុនចំនួន ១១៣,១៥៩នាក់ កើនឡើងប្រមាណ ២.៦%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.