ដ្ឋមន្ត្រី ថោង ខុន៖ ប្រទេសចិន គឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំ សំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោក

រដ្ឋមន្ត្រី ថោង ខុន៖ ប្រទេសចិន គឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំ សំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោក

(ប៉េកាំង)៖ រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ដោយភាពសំបូរបែបនែសក្តានុពលវប្បធម៌ទាំងរូបបិយនិងអរូបិយ នៃប្រទេសចិន និងភាពរីកចំរើនខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនចិន «ប្រទេសចិនគឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំសំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោកទាំងមូល»

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកម្មវិធីដោយឡែកមួយទៀត នាឱកាសបើកសន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី (Asia Travel Operators Conference) នៅទីក្រុងប៉កាំង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានការចូលរួមពី លោក លីន ជីនចាវ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងទេសចរណ៍ចិន រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវិស័យទេសចរណ៍ និងវប្បធម៌ ព្រមទាំងប្រតិបត្តិករទេសចរណ៍មកបណ្ដាប្រទេសអាស៊ីនានា ប្រមាណ៣០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសចិនគឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងអនាគត។

យោងតាមអង្គការទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ពិភពលោកទាំងមូលបានទទួលទេសចរអន្តរជាតិ ចំនួន១៤០០លាននាក់ កើន៦%។ ដោយឡែកនៅក្នុង ពិធីបើកសន្និសិទ្កិកិច្ចសន្ទនាអរិយធម៌អាស៊ី កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០១៩ ថ្មីៗនេះលោកប្រធានាធិបតី ស៊ី ជិនភីង ក៏បានគូសបញ្ជាក់ផងដែរថា ក្នងឆ្នាំ២០១៨ មានទេសចរជនជាតិចិនដើរចរញទស្សនាក្រៅប្រទេសចំនួន ១៦០លាននាក់ ព្រមជាមួយនោះប្រទេសចិនតែឯង ក៏បានទទួលស្វាគមន៍ទេសចរអន្តរជាតិរហូតដល់ ១៤០លាននាក់ផងដែរ។

បើតាមអង្គការទេសចរពិភពលោក នៅឆ្នាំ២០២០ ពិភពលោករំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៨០០លាននាក់ ក្នុងនោះទេសចរជនជាតិនឹងកើនដល់ ២០០ លាននាក់។ និន្នាការណ៍នៃកំណើនទេសចរណ៍ ជាពិសេសមកពីប្រទេសចិននេះ ធ្វើឲ្យប្រទេសនានាក្នុងសាកលលោកចាប់ផ្ដើមដាក់ចុះគោលនយោបាយទាក់ទាញទេសចរចិន។

ឯកឧត្តម ថោង ខុន ក៏បានជម្រាបជូនអង្គសន្និសីទអំពីបទពិសោធន៍នៅកម្ពុជា ក្នុងការដាក់ចុះយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍ចិន ២០១៦-២០២០ និងការអនុវត្ត សៀវភៅស្ដីស្ដីពី China Ready ដែលផ្ដោតសំខាន់លើការរៀបចំលក្ខណៈសម្បត្តិឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ទេសចរចិន ដែលរួមមានការរៀបចំបង្កើតផលិតផលថ្មីៗ ការបណ្ដុះណ្ដាលភាសាចិនដល់បុគ្គលិកប្រើការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ការវាយតម្លៃស្ដង់ដាគុណភាព តាមប្រព័ន្ធវាយតម្លៃគុណភាព (China Accreditation System) និងការផ្សព្វផ្សាយនានា។ ជាលទ្ធផល ឆ្នាំ២០១៨ កន្លងទៅទេសចរចិនមកទស្សនាកម្ពុជាមានរហូតដល់ជាង ២លាននាក់លើសការរំពឹងទុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកថា បច្ចុប្បន្នក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងវិថី ព្រមទាំងស្មារតីនៃសហគមន៍វាសនារួមកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ត្រូវបានពង្រឹង និងពង្រីកមួយកម្រិតថែមទៀត ហើយដែលប្រទេសតាមវិថីសូត្រនឹងមានឱកាសជំរុញដៃគូរពាណិជ្ចកម្ម និងទេសចរណ៍ផងដែរ។ សន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី ដែលរៀបចំឡើងនាពេលនេះ នឹងជួយជំរុញឲ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ជួបជុំផ្លាស់ប្ដូរយោបល់ និងបង្កើតទំនាក់ទំនងធុរកិច្ច សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ដោយចាប់យកកាលានុវត្តភាពនៃភាពរីកចម្រើនរបស់ប្រទេសចិន៕