ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ខណៈឈ្នះក្រុមជម្រើសជាតិថៃ ៣សិតទល់២
ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ -- បន្ទាប់ពីយកឈ្នះក្រុមបាល់ទះជ្រើសជាតិថៃ ៣សិតទល់នឹង២សិត ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រដោយត្រូវជួបជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌណេស៊ីដើម្បីដណ្តើមយកលេខ១(មេដាយមាស) និងលេខ២(មេដាយប្រាក់)។
ការប្រកួតរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិថៃនេះ ធ្វើឡើងនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ការប្រកួតរវាងក្រុមទាំងនេះបានធ្វើការវាយបកគ្នាយ៉ាងស្វិតស្វាញ រហូតដល់៥សិត។ ការប្រកួតក្នុងសិតទី១ ក្រុមបាល់ទះជម្រើសជាតិថៃ បានយកឈ្នះក្នុងពិន្ទុ ២៥ ទល់ ១៨ សិតទី២ ក្រុមថៃយកឈ្នះ ២៥ទល់២១។ ចំណែកសិតទី៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាយកឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ ក្នុងពិន្ទុ២៥ទល់២១ សិតទី៤ ក្រុមកម្ពុជាយកឈ្នះ ២៥ទល់១៦ និងសិតទី៥ ដែលមានត្រឹមតែ១៥គ្រាប់ គឺក្រមបាល់ទះកម្ពុជាយកឈ្នះ ក្រុមបាល់ទះថៃ ក្នុងពិន្ទុ ១៥ទល់១០។
ជាមួយនឹងការសង្កេតជាក់ស្តែងឃើញថាក្រុមបាល់ទះជម្រើសជាតិកម្ពុជាចាប់សេវាចេញពីក្រុមជម្រើសជាតិថៃហាក់ដូចជាពិបាក និងធ្វើមិនសូវបានល្អ ដែលធ្វើឱ្យការផ្តល់បាល់ទៅឱ្យស្មាត់ចែកបាល់ពិបាកផងដែរ។ ប៉ុន្តែក្រុមបាល់ទះជម្រើសជាតិកម្ពុជានៅតែធ្វើបានល្អដោយបាំងជាប់ប៉ារាស់ ក្នុងការវាយពីក្រុមជម្រើសជាតិថៃបានច្រើនគ្រាប់។
សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលឈ្នះ ក្រុមបាល់ទះជម្រើសជាតិថៃ នឹងត្រូវប៉ះជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ដើម្បីប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ ១ និងលេខ ២។ ចំពោះក្រុមបាល់ទះជម្រើសជាតិថៃដែលចាញ់នឹងប៉ះជាមួយក្រុមជម្រើសជាតិរៀតណាមដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ ៣ និងលេខ៤ ។
សូមជម្រាបជូនថា ការប៉ះគ្នារវាងក្រុមបាល់ទះជម្រើសរើសជាតិកម្ពុជាជាមួយក្រុមបាល់ទះជម្រើសជាតិថៃនេះបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាចាញ់ក្រុមជម្រើសជាតិដែលគ្រប់គ្រងមេដាយមាសច្រើនជាងគេចំនួន១១ លើក របស់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិតជាប់ៗគ្នា ដោយសិត ទី១ ក្រុមឥណ្ឌូណេស៊ីយកឈ្នះដោយពិន្ទុ ២៥ ទល់១៨ សិតទី២ ២៥ទល់២១ និងសិតទី៣ ២៥ទល់១៦ ។ ចំណែកក្រុមបាល់ទះជម្រើសជាតិរៀតណាមវិញបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិមីយ៉ាន់ម៉ា ៣សិតទល់០ ៕