តំណាងក្រសួងទេសចរណ៍ជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសឹង្ហបុរី ស្តីពីការត្រៀមរៀបចំមហោស្រពសិល្បៈតាមវិថី

តំណាងក្រសួងទេសចរណ៍ជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសឹង្ហបុរី ស្តីពីការត្រៀមរៀបចំមហោស្រពសិល្បៈតាមវិថី

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលេខាទូតទី២ ស្តីពីការត្រៀមរៀបចំមហោស្រពសិល្បៈតាមវិថី "Street Art Festival" ដើម្បីអបអរបុណ្យខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងសឹង្ហបុរី និងកម្ពុជា។

ស្ថានទូតនៃសាធារណរដ្ឋសឹង្ហបុរីនឹងរៀបចំមហោស្រពសិល្បៈគំនូររួមគ្នា (២០ផ្ទាំង) ដែលនឹងប្រារព្ធពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្លូវតាមដងទន្លេបាសាក់ ដើម្បីអបអរបុណ្យខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងសឹង្ហបុរី និងកម្ពុជា សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យវប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងប្រជាពលរដ្ឋ។

មហោស្រពនេះ រួមមានសិល្បៈ តន្ត្រី និងអាហារ ដែលនឹងមានអ្នកចូលរួមមកពីផ្នែកសាធារណៈ និងសហគមន៍ ព្រមទាំងនិស្សិតកម្ពុជា និងបរទេស។ គម្រោងរួមគ្នានេះនឹងចូលរួមចំណែកដល់មូលនិធិកុមារកម្ពុជា (Cambodian Children's Fund) និងសមាគមសិល្បករសិល្បការិនីកម្ពុជា (Cambodian Artist Association) បន្ទាប់ពីចំណាយជាក់ស្តែងរួច៕