តំបន់អាទិភាពចំនួន៦ ត្រូវបានកំណត់ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពសំខាន់ៗចំនួន៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិភាក្សាលើរបាយការណ៍ បូកសរុបលទ្ធផលនៃការរៀបចំផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងមានការចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សា រៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងសមាជិក-សមាជិកាគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍។
តំបន់អាទិភាពសំខាន់ៗទាំង ៦ រួមមាន៖
ទី១៖ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។
ទី២៖ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។
ទី៣៖ ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។
ទី៤៖ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
ទី៥៖ តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាព ទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ។
ទី៦៖ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។
ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នេះ កំណត់ចក្ខុវិស័យសំខាន់ៗ ដូចខាងក្រោម៖
* ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។
* ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។
* រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។
* រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។
ផែនការមេនេះមានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល ៥ឆ្នាំ (២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលបំណងសំខាន់ ៣គឺ៖
ទី១៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍។
ទី២៖ ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់តំបន់ភាគឦសាន។
ទី៣៖ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស» ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍៖