ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ណែនាំរៀបចំលក្ខណសម្បត្តិឱ្យបានហ្មត់ចត់ ដើម្បីត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញ
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំមន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត ត្រូវរៀបចំលក្ខណសម្បត្តិឱ្យបានហ្មត់ចត់ ក្នុងការត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលរាជរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យបើកឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើម្បីធានាថា ការបើកសេវាកម្មទាំងនេះមិននាំដល់ការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩នោះ ឯកឧត្ដម ថោង ខុន បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវសហការចុះត្រួតពិនិត្យទីតាំងអាជីវកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវិធានសុវត្ថិភាពទេសចរណ៍ វិធានការសុខាភិបាល ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន លើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានគតិយុត្តស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលរាជរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យបើកឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្ដីការក្រសួងទេសចរណ៍ផង និងតាមរយៈប្រព័ន្ធវីដេអូផង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «ការអនុញ្ញាតឱ្យបើកអាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញ គឺអាចនឹងត្រូវធ្វើឡើងនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីរាជរដ្ឋាភិបាលបានវាយតម្លៃរួចរាល់អំពីសភាពការណ៍កូវីដ១៩ ក្រោយពេលបុណ្យអុំទូកខាងមុខ»។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ម្ចាស់អាជីវកម្មដែលចង់បើកអាជីវកម្មខារ៉ាអូខេ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវដាក់ពាក្យស្នើសុំបើកអាជីវកម្មទៅកាន់រដ្ឋបាលរាជធានី-ខេត្ត តាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ក្រុមមន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត ឬមន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ វិធានការសុខាភិបាល ក៏ដូចជាបទដ្ឋានគតិយុត្តនានា មុននឹងអនុញ្ញាតឱ្យអាជីវកម្មទាំងនោះបើកឡើងវិញ។ ម្យ៉ាងវិញទៀត ត្រូវឱ្យម្ចាស់អាជីវកម្មទាំងនេះធ្វើកិច្ចសន្យាអនុវត្តតាមបទដ្ឋានគតិយុត្តិស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក។
លោករដ្ឋមន្ត្រី បានណែនាំរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ ក៏ដូចជាមន្ត្រីពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានច្បាស់ទៅដល់ម្ចាស់អាជីវកម្មនូវការត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលរាជរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យបើកឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីកុំឱ្យមានការយល់ច្រឡំពីសំណាក់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ។
អ្វីដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចង់សង្កត់ធ្ងន់នោះ គឺចង់ឱ្យការបើកដំណើរការអាជីវកម្មទាំងនេះធានាបាននូវនិរន្តរភាព លើកស្ទួយវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ព្រមទាំងការពារសុវត្ថិភាពដល់អ្នកបម្រើការនៅតាមមូលដ្ឋានអាជីវកម្ម ក៏ដូចជាអ្នកទៅទទួលសេវាកម្មកម្សាន្តផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំបន្ថែមឱ្យគណៈកម្មការអភិវឌ្ឍរាជធានី-ខេត្ត បង្កើតក្រុមមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យការត្រៀមបើក និងបើកអាជីវកម្ម ក៏ដូចជាការត្រួតពិនិត្យការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ពិសេសគឺអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្ដល់យោបល់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធថា ក្នុងករណីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើការឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នោះ គឺគួរអនុញ្ញាតឱ្យបើកដំណើរការជាជំហានៗ ដោយត្រូវជ្រើសរើស និងវាយតម្លៃទីតាំងអាជីវកម្មណាដែលរៀបចំបានល្អជាងគេមុន ដើម្បីធ្វើជាគំរូដកពិសោធន៍ មុននឹងបន្តបើកទីតាំងអាជីវកម្មផ្សេងទៀត។
ក្នុងពិធីកិច្ចប្រជុំនេះដែរ លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានអានសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ត្រៀមបើកអាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក។ សេចក្ដីទាំងនោះមានលីងតំណភ្ជាប់នៅខាងក្រោម៖
សម្រេចស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ៖ http://freshnewsasia.com/.../219492-2021-11-11-12-43-08.html
* សេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក៖ http://freshnewsasia.com/.../219496-2021-11-11-13-16-16.html
សូមជម្រាបថា នៅមុនការផ្អាកអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក នៅទូទាំងប្រទេសកម្ពុជាមានអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលផ្ដល់អាជ្ញាប័ណ្ណដោយក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តសរុបចំនួន១,២៧៨អាជីវកម្ម ក្នុងនោះរួមមានអាជីវកម្មខារ៉ាអូខេមានចំនួន៩៦៧អាជីវកម្ម អាជីវកម្មរង្គសាលមានចំនួន១៣អាជីវកម្ម អាជីវកម្មឌីស្កូតែកមានចំនួន១២៥អាជីវកម្ម និងបៀរហ្កាឌិនមានចំនួន ១៧៣អាជីវកម្ម ដែលមានបុគ្គលិកសរុបប្រមាណជាង៣ម៉ឺននាក់។
លោក សុខ វណ្ណា បានបញ្ជាក់ទៀតថា សេវាកម្មកម្សាន្តនៅតាមអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក បៀរហ្កាឌិននេះទៀតសោត ក៏ជាកត្តាដ៏សំខាន់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ ដែលអាចជួយបង្កើនប្រាក់ចំណូលដល់បុគ្គលិក និងសេដ្ឋកិច្ចជាតិ។
ចំពោះអាជីវកម្មម៉ាស្សានៅទូទាំងប្រទេស គឺមានចំនួនសរុប៦៨៧អាជីវកម្ម ហើយត្រូវបានបិទ-ផ្អាក១០០ភាគរយតែម្ដង។ នេះបើតាមលោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍។
គួររំឭកថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ចំពោះអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក នឹងត្រូវអនុញ្ញាតឱ្យបើកឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ប្រសិនបើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩កាន់តែមានការថមថយ៕