ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ប្រាប់កូរ៉េថា កម្ពុជាចង់ឱ្យទេសចរកូរ៉េមានកម្សាន្តកាន់តែច្រើន និងស្នាក់នៅយូរ

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ប្រាប់កូរ៉េថា កម្ពុជាចង់ឱ្យទេសចរកូរ៉េមានកម្សាន្តកាន់តែច្រើន និងស្នាក់នៅយូរ

(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជម្រាបប្រាប់លោក Lee Hyuk អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េថា ព្រះរាជាណាចក្រកម្ពុជា នៅតែមិនភ្លេចទំនាក់ទំនងមិត្តភាពជាមួយកូរ៉េឡើយ តែងតែនឹករឭកដល់មិត្តកូរ៉េជាប់ជានិច្ច ហើយចង់ឱ្យភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាឱ្យបានច្រើន និងស្នាក់នៅរយៈពេលយូរ។

ការថ្លែងបែបនេះរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកទេសចរណ៍ លើជំនាញទេសចរណ៍ឌីជីថល និងការធ្វើទីផ្សារតាមបច្ចេកវិទ្យា ដល់អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ប្រមាណ ៤៧នាក់ ដែលសិក្ខាសាលានេះធ្វើឡើងចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រាហ្គោល និងស្ប៉ារីស៊ត ខេត្តសៀមរាប។

លោក ប៉ាក់ សុខុម បាន ឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចំពេលវេលាស្របតាមការសភាពការណ៍វិវត្តន៍ថ្មីៗ នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេសស្របតាមសំណូមពររបស់អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងការអភិវឌ្ឍសមត្ថភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងការជំរុញផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរជនជាតិកូរ៉េឱ្យមានកម្សាន្តកាន់តែច្រើនមកកាន់កម្ពុជា។

ក្រៅពីការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីសំណាក់វាគ្មិន និងសាស្រ្តាចារ្យជាតិ-អន្តរជាតិនេះ ដែលផ្តោតទៅលើការប្រើប្រាស់ឌីជីថល និងការធ្វើទីផ្សារតាមបច្ចេកវិទ្យាក្នុងក្របខណ្ឌអាស៊ាន-កូរ៉េនេះ សិក្ខាសាលាខាងលើនេះក៏មានការចែករំលែកចំនេះដឹងទៅលើការអភិវឌ្ឍសមត្ថភាព លើការរៀបចំយុទ្ធសាស្រ្ត និងការផ្តល់សេវាកម្មទេសចរណ៍កាន់តែល្អប្រសើរ ដើម្បីទាក់ទាញទេសចរ ជាពិសេសទេសចរជនជាតិកូរ៉េឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានច្រើនដង និងរយៈពេលកាន់តែយូរ។

ដើម្បីកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាព លោករដ្ឋលេខាធិការបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបានស្នើសុំឱ្យមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បន្តជួយបណ្តុះបណ្តាលបន្ថែមដល់អ្នកជំនាញទេសចរណ៍កម្ពុជាបន្ថែម ដើម្បីឱ្យកាន់តែមានសមត្ថភាពផ្តល់សេវាកម្មកាន់តែល្អ លើគ្រប់សេវាកម្មទេសចរណ៍នៅកម្ពុជា។

តបតាមសំណើរបស់លោករដ្ឋលេខាធិការ លោក Lee Hyuk បានសម្តែងនូវជំហរលើការបន្តសហការ និងគាំទ្រដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីអភិវឌ្ឍសមត្ថភាពកាន់តែមានភាពជំនាញ ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរកូរ៉េមកកាន់កម្ពុជា ដែលមានការកើនឡើងជាលំដាប់។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤.៤លាននាក់ កើនឡើង ១០.៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.