ទេសចរណ៍! រមណីយដ្ឋានដូងទេរ ពង្រីកសក្ដានុពលកាន់តែទាក់ទាញ ដើម្បីបម្រើគ្រប់តម្រូវការរបស់ភ្ញៀវទេសចរ
(កំពត)៖ ជាង៤ឆ្នាំមកនេះ រមណីយដ្ឋានដូងទេរបានពង្រីកសក្ដានុពល និងផលិតផលទេសចរណ៍របស់ខ្លួនជាបន្តបន្ទាប់ ដោយបានបង្កើនការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរច្រើនឡើងៗ ខណៈនាពេលបច្ចុប្បន្ននេះ រមណីយដ្ឋានដូងទេរបានបន្ថែមនូវសេវាកម្មស្នាក់នៅ និងសេវាកម្មកម្សាន្តជាច្រើនសម្បូរបែបទៀត។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិដូងទេរ មានទីតាំងស្ថិតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីស្ពានថ្មីក្រុងកំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែលពោរពេញដោយធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។
លោក លី រតនា ម្ចាស់រមណីយដ្ឋានដូងទេរ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា បច្ចុប្បន្នរមណីយដ្ឋានរបស់លោកមានបន្ថែមសេវាកម្មកម្សាន្តជាច្រើនទៀត ដូចជា ទូកកៃយៈ ទូកធំជិះមើលថ្ងៃរៀបលិច កីឡាលើទឹកជាច្រើនមុខ ពិសេសគឺមានបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត និងម្ហូបអាហារជាច្រើនបន្ថែមទៀតរហ័សទាន់ចិត្ត។
ក្នុងឱកាសបុណ្យចូលឆ្នាំចិននាសប្ដាហ៍មុននេះ ភ្ញៀវទេសចរជាច្រើនបានទៅលេងកម្សាន្តនៅរមណីយដ្ឋានដូងទេរនេះ។ កុំថាឡើយថ្ងៃបុណ្យទាន ថ្ងៃឈប់សម្រាក សូម្បីតែថ្ងៃចន្ទ-សុក្រធម្មតាក៏មានភ្ញៀវទៅលេងកម្សាន្តដែរ។