អង្គការទេសចរណ៍ពិភពលោក ផ្ដល់់អាហារណ៍រូបករណ៍សិក្សាមុខវិជ្ជា ក្នុងវិស័យទេសចរណ៍៥០កន្លែងដល់កម្ពុជា
(ភ្នំពេញ)៖ នាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ នាថ្ងៃទី២៧ ខែកញ្ញា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសសផ្សព្វផ្សាយផ្ដល់អាហាររូបករណ៍សិក្សាជំនាញទេសចរណ៍ចំនួន ៥០កន្លែង ដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ដល់មកកម្ពុជា ដើម្បីជាការចូលរួមគាំទ្រការអភិវឌ្ឍធនធានមនុស្ស ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។
ការសិក្សាអាហារូបករណ៍ ៥០កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ គឺផ្តោតលើ៖
១៖ យុទ្ធសាស្រ្តធុរកិច្ច
២៖ គណនេយ្យ និងហិរញ្ញវត្ថុ
៣៖ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល
៤៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ
៥៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្សនិស្សិតកំពុងសិក្សាក្នុងវិស័យទេសចរណ៍ មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាជាភាសាអង់គ្លេស) មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍។
ចំពោះទីកន្លែងទទួលពាក្យ បេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងមកកាន់នាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ រៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕