នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​ដាំ​ដើមឈើ​អនុស្សាវរីយ៍ នៅ​សួន​សម្តេចចៅហ្វា​វាំង គង់ សំអុល ខេត្ត​កំពង់ឆ្នាំង

នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​ដាំ​ដើមឈើ​អនុស្សាវរីយ៍ នៅ​សួន​សម្តេចចៅហ្វា​វាំង គង់ សំអុល ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​មាន​ការចូលរួម​ជា​គណៈអធិបតី​ពី​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ឈូរ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រីរាជការ​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ សិស្ស​-​និស្សិត ផ្នែក​ឯកជន ទេសចរ​ជាតិ អន្តរជាតិ ប្រមាណ​ជាង​មួយ​ពាន់​នាក់​។​

​ក្នុង​ពិធី​នេះ​មាន​ការដាំ​ដើមឈើ​ចំនួន ៣៩៥​ដើម ដែល​ជា​ប្រភេទ​ឈើ​ល្អៗ ដើម្បី​ចូល​រួមចំណែក​ដល់​ការថែរក្សា​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន លើកកម្ពស់​សោ​ភណ្ឌ​ភាព​ខេត្ត និង​យុទ្ធនាការ “​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​” (One Tourist One Tree) សំដៅ​ធ្វើអោយ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង ពិសេស​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង ក្រោម​ប្រធានបទ "​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​"​។​