រដ្ឋមន្ត្រីទេសចរណ៍៖ អ្នកបម្រើការទេសចរណ៍ទាំងអស់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ទើបអាចចូលបំរើការបាន

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង ២៥ បានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ដែលប្រការនេះគឺពិតជាបានជំរុញឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ទទួលបាននូវសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។
ការអះអាងចេញពីក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ទូទាំង២៥រាជធានី-ខេត្តយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានបន្ថែមនូវពង្រឹងការអនុវត្ត «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្តកាន់តែមានសុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងអោយកាន់កាន់តែខ្លាំង។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជជីកដេញដោលទៅកាន់ប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តអំពីស្ថានភាពគោលដៅទេសចរណ៍ ចលនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តតាមវិធាននានាផងដែរ ពិសេសគឺវិធានស្ដង់ដា SOP ដែលជាគម្ពីរដ៏ស័ក្តិសិទ្ធិក្នុងការជួយឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញបានល្អ។ ជាលទ្ធផល គ្រប់រាជធានី-ខេត្តគឺអនុវត្តតាមស្ដង់ដា SOP បានល្អ ខណៈនៅរាជធានី-ខេត្តភាគច្រើនក៏បានបើកវិស័យទេសចរណ៍ឡើងវិញហើយដែរ លើកលែងតែខេត្តខ្លះដែលនៅមានភាពចាំបាច់ក្នុងការបិទខ្ទប់មូលដ្ឋានរបស់ខ្លួន។
ទាំងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងប្រធានមន្ទីរទេសចរណ៍សុទ្ធតែបានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយៗ អ្នកដែលបានចាក់វ៉ាក់សាំង គ្រប់ដូសគ្រប់គ្រាន់ ទើបអាចអនុញ្ញាតិអោយចូលបំរើការបាន។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ បានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ យ៉ាងតិចក៏២ដូសដែរ ពិសេសប្រជាពលរដ្ឋនៅគ្រប់រាជធានី-ខេត្តគឺចាក់សុទ្ធតែ២ដូសហើយ ចាប់ពី ៩០% ដល់ ១០០% មានតែ ៣-៤ នាក់ប៉ុណ្ណោះ ដោយសារថាពួកគាត់មានបញ្ហាសុខភាព មន្ទីរទេសចរណ៍ទាំងអស់បានរាយការណ៍មកបែបហ្នឹង»។
ឯកឧត្តមបានបន្តថា ប្រសិនបើអ្នកបម្រើការក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ គោលដៅទេសចរណ៍បានចាក់វ៉ាក់សាំងរួចហើយ ហើយអ្នកទៅលេងក៏បានចាក់វ៉ាក់សាំងរួចហើយទៀត ដូច្នេះលទ្ធភាពនៃការឆ្លងគឺមានតិចតួច ប៉ុន្តែក៏ត្រូវតែប្រុងប្រយ័ត្ន ត្រូវតែអនុវត្តតាមវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាល វិធានការសុវត្ថិភាពទេសចរណ៍ ពិសេសគឺអនុវត្តតាមស្ដង់ដា SOP នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញបន្ថែមឱ្យគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវពង្រីកកិច្ចសហការអនុវត្តស្ដង់ដា SOP នេះឱ្យដល់ទីវត្តអារាម និងនៅតាមផ្សារសាធារណៈ ផ្សារទំនើបជាដើម ពីព្រោះថារដូវនេះគឺជារដូវភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋនឹងទៅផ្សារដើម្បីទិញអីវ៉ាន់យកមកធ្វើម្ហូបចង្ហាន់ទៅវត្តអារាម ដូច្នេះច្បាស់ជាមានការជួបគ្នា ដែលជាចំណុចមួយត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ មិនមែនធ្វើតែគោលដៅទេសចរណ៍នោះទេ។
បើតាមការរាយការណ៍បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍មួយចំនួនបានឱ្យដឹងថា ខេត្តខ្លះ ចំពោះអ្នកដែលគ្មានប័ណ្ណចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើតេស្តរហ័ស ប៉ុន្តែប្រសិនបើមិនព្រមធ្វើតេស្តរហ័សនេះទេ គឺមិនឱ្យចូលទទួលទានអាហារ ឬស្នាក់នៅនោះឡើយ។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងហើយ គឺមានការលើកទឹកចិត្តបន្ថែមតាមរយៈការបញ្ចុះតម្លៃ ៥% ឬ ១០% ជាដើម។
ជាការសង្កត់ធ្ងន់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កម្ពុជាត្រូវរៀនរស់ជាមួយកូវីដ មានន័យថា ប្រកបរបរ អាជីវកម្ម ការងារប្រចាំថ្ងៃបានផង រួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដនេះផង។ ឯកឧត្តមថា កម្ពុជាមិនប្រកាន់នយោបាយ Zero Covid ដែលមានន័យថាចាំដល់អស់កូវីដទើបបើកសេដ្ឋកិច្ចឡើងវិញដូចបណ្ដាប្រទេសខ្លះនោះឡើយ។ ដូច្នេះដើម្បីអនុវត្តកិច្ចការនេះទៅបាន គឺត្រូវតែអនុវត្តតាមស្តង់ដា SOP ព្រមទាំងវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាលជាដើម ត្រូវពាក់ម៉ាស ត្រូវមានទឹកអាកុល ឬជែលលាងដៃ ត្រូវរក្សាគម្លាត រាល់ពេលទៅទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឬតំបន់ទេសចរណ៍ផ្សេងទៀត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.