បទយកការណ៍៖ បុរសម្នាក់ចំណាយពេល ១៣ឆ្នាំ រៀនកែច្នៃដើមឫស្សីធ្វើជាសម្ភារប្រើ​ប្រាស់ និងរចនាម៉ូតយ៉ាងទាន់សម័យ

សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ -- ដើមឫស្សីគឺជារុក្ខជាតិម្យ៉ាង ដែលបានផ្ដល់អត្ថប្រយោជន៍សម្បូរបែប ជាពិសេសគឺបាន​បម្រើ​ដល់សេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរយើងនៅតាមស្រុកស្រែចម្ការ ដែលមិន​អាច​ខ្វះ​បាន តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ឥឡូវនេះ ដើមឫស្សីត្រូវបានយកមកកែ​ច្នៃធ្វើជា​សម្ភារប្រើប្រាស់យ៉ាងទាន់សម័យផងដែរ។

លោក ស្រេង ស្រឹប អ្នកកែច្នៃដើមឫស្សីធ្វើសម្ភារប្រើប្រាស់យ៉ាងទាន់សម័យម្នាក់ រស់​នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងថា តាំង​ពី​បុរាណមក ដូនតារបស់លោកគឺជាអ្នកកែច្នៃដើមឫស្សីធ្វើជាសម្ភារប្រើប្រាស់ ប៉ុន្តែពួក​គាត់​ធ្វើបានតែសម្ភារបែបសម័យបុរាណប៉ុណ្ណោះ។ លោកបន្ដថា ដូចនេះដើម្បីចង់បន្តកេរ​ដំណែល​ពីដូនតាផងនោះ លោកបានប្រើប្រាស់ពេលវេលាចំនួន ១៣ឆ្នាំ សម្រាប់រៀន​កែច្នៃ​ដើមឫស្សីធ្វើជាសម្ភារប្រើប្រាស់ ដែលរចនាម៉ូតឡើងយ៉ាងទាន់សម័យ ហើយគិតមក​ដល់​ពេលនេះទាំងពេលវេលារៀន និងការបើកធ្វើអាជីវកម្ម គឺមានរយៈពេល ១៩ឆ្នាំហើយ។

លោក ស្រេង ស្រឹប បានបញ្ជាក់ឱ្យដឹងថា៖ «ពីដំបូងខ្ញុំបានចាប់ផ្តើមធ្វើការកែ​ច្នៃដើម​ឫស្សី​ដោយធ្វើបានតែរបស់តូចៗប៉ុណ្ណោះ ហើយឬស្សីដែលខ្ញុំយកមក​កែច្នៃគឺជាឫស្សី​ដែល​លោក​តារបស់ខ្ញុំបោះចោល។ ប៉ុន្តែពេលនេះ ខ្ញុំអាចកែច្នៃឫស្សី​ធ្វើជាសម្ភារ​ប្រើ​ប្រាស់​បាន​យ៉ាង​ល្អ និងមានម៉ូតទាន់សម័យផងដែរ»។ លោក ស្រេង ស្រឹប បន្តថា បច្ចុប្បន្ននេះ សម្ភារ​កែច្នៃពីដើមឫស្សីរបស់លោកកំពុងមានទីផ្សារល្អគឺអង្រឹងឫស្សី ដែលលក់ក្នុងតម្លៃចាប់​ពី៦០​ដុល្លារឡើងទៅ។ លោកបានឱ្យដឹងទៀតថា ដើមឫស្សីដែលលោកយកមកកែច្នៃធ្វើ​ជាគ្រឿងសង្ហារឹមនេះ គឺទិញមកពីប្រជាពលរដ្ឋក្នុងភូមិ ហើយសម្រាប់ឫស្សីដែលអាច​យក​មកកែច្នៃបាន គឺត្រូវកាប់ដាក់ហាលក្នុងម្លប់យ៉ាងយោចណាស់៦ខែ។

លោក ស្រេង ស្រឹប បានអះអាងថា៖ «ដើមឫស្សីដែលយកមកកែច្នៃជាសម្ភារប្រើ​ប្រាស់​ ឬសង្ហារឹមមានគុណភាពល្អ គឺមាន០៣ប្រភេទ គឺទី១ មានឫស្សីពីង​ពង់​ជាប្រភេទ​ឫស្សី​មិនសូវមានជាតិស្ករច្រើន ដែលធ្វើឱ្យមេមិនសូវស៊ី។ ទី២ ឫស្សីលូក ដើមវាធំៗវាធន់​នឹងកម្ដៅថ្ងៃ ធន់នឹងទឹកដែលយើងយកមកធ្វើផ្ទះមានគុណភាពល្អ និងទី០៣ ឫស្សីម៉ៃតុង។

សម្រាប់ថ្ងៃអនាគត បើសិនជាមានដៃគូសហការល្អ ខ្ញុំចង់ក្លាយជាអ្នកធ្វើផ្ទះ ឬខុនដូរពីដើម​ឫស្សីឱ្យស្រស់ស្អាត និងជាស្នាដៃកូនខែ្មរពិតៗ  ជាពិសេសនោះគឺការផលិតជាគ្រឿង​សង្ហារឹមពីដើមឫស្សីសម្រាប់នាំចេញទៅក្រៅស្រុក ដើម្បីសេដ្ឋកិច្ច និងលើកកម្ពស់ស្នាដៃ​ច្នៃប្រឌិតរបស់កូនខ្មែរផងដែរ»។

លោក ស្រេង ស្រឹប ក៏បានអំពាវឱ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសជួយគាំទ្រ​ផលិតផលធ្វើពីដើមឫស្សី ដើម្បីជាកាលើកទឹកចិត្ត និងជាការ​ផ្តល់​ប្រាក់ចំណូលទៅដល់​សហគមន៍ ព្រោះថា នៅពេលដែលអាជីវកម្មនេះដើរ ប្រជាពល​រដ្ឋនៅក្នុងភូមិនេះ​ក៏មាន​ការ​ងារធ្វើ អ្នកដាំឫស្សីក៏បានប្រាក់ចំណូលផងដែរ។

សូមបញ្ជាក់ថា ឫស្សីគឺផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ បើប្រជាពលរដ្ឋយើងចេះកែច្នៃនោះ យើងនឹងអាចរកប្រាក់​ចំណូល​​បានយ៉ាងច្រើនពីដើមឫស្សីនេះ ហើយឬស្សី ក៏មិនពិបាកក្នុងការដាំដុះ និងថែទាំ​នោះ​​ដែរ។ នៅក្នុងវិស័យឧស្សាហកម្ម ដើមឫស្សីក៏អាចយកទៅធ្វើវត្ថុធាតុដើមដ៏សំខាន់​បំផុត ដូចជាការកែច្នៃ ធ្វើជាក្រដាសសរសេរដែលជាប្រភេទលេខ១ និងអាចយកទៅកៀប​ធ្វើជាក្តាបន្ទះ ក្តាប៉ាកកេ និងគ្រឿងសង្ហារឹមសម្រេច។ នៅក្នុងផ្នែកវប្បធម៌ គេអាចយក​ឫស្សី​​ទៅធ្វើជាឧបករណ៍ភ្លេងបានជាច្រើនមុខ ដូចជាខ្លុយ ប៉ី រនាត និងឧបករណ៍ភ្លេង​ខ្មែរ​ជាច្រើនមុខទៀត។

ចំពោះអត្ថប្រយោជន៍ផ្នែកបរិស្ថាន គឺមិនខុសពីប្រភេទព្រៃឈើផ្សេងទៀតនោះទេ គឺឫស្សីអាចបង្កើតបានគម្របព្រៃពណ៌បៃតង វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការ​បម្រែ បម្រួលអាកាសធាតុ នឹងមានអត្ថប្រយោជន៍ចូលរួមក្នុងការស្រូបយកកាបោន ឌីអុក​ស៊ីត សេអូដឺ ហើយបំភាយអុកស៊ីសែន សម្រាប់អាកាសធាតុ។ ក្រៅពីផ្តល់ផល​ប្រយោជន៍​ទាំងអស់នេះផលប្រយោជន៍បរិស្ថានដទៃទៀតមានដូចជា៖ អាចការពារចម្រោះ​ហើយ ក៏​អាចនឹងដាំទប់ជាសំឡេងខ្យល់ព្យុះបានទៀតផង។ ចំពោះផ្នែកសេដ្ឋកិច្ច ឫស្សី​អាច​ផ្ដល់​ផល​ប្រយោជន៍ទាំងអស់ទាំងដើម ទាំងស្លឹក ទាំងទំពាំង បើយើងចេះធ្វើការកែច្នៃ​ឬក៏ចាត់​ចែង​ជាមុខរបរមួយច្បាស់លាស់ នោះយើងនឹងបង្កើនចំណូលបានល្អ ហើយដើម​ឫស្សីនេះ វាក៏ងាយស្រួលក្នុងការដាំដុះផងដែរ។ ទន្ទឹមនេះ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកែច្នៃ​អំពី​ដើមឫស្សីនេះ គឺមានជាច្រើនមុខ ដែលមិនអាចរៀបរាប់អស់នោះឡើយ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.