ប្រតិភូចិននៅខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ហើយនឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំនេះ

ប្រតិភូចិននៅខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ហើយនឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំនេះ

(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងនូវឱកាសវិនិយោគ ក្នុងវិស័យទេសចរណ៍នៅកម្ពុជារួចមក គណៈប្រតិភូចិនមកពីខេត្តជឺជាំង បានបង្ហាញគោលបំណងចង់មកវិនិយោគ បង្កើតតំបន់ទេសចរណ៍នៅកម្ពុជា ពិសេសសម្រាប់ទេសចរវ័យចំណាស់ ខណៈការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តមួយនេះ ត្រូវបានបញ្ជាក់ថានឹងបើកដំណើរការផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូចិនមកពីខេត្តជឺជាំង ដឹកនាំដោយឯកឧត្តម ចាង សឺស្ស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំង នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងជំនួបនោះ គណៈប្រតិភូចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសវិនិយោគបង្កើតតំបន់ទេសចរណ៍ សម្រាប់ទេសចរវ័យចំណាស់នៅកម្ពុជា ដោយលោក ចាង សឺស្ស៊ី បានបញ្ជាក់ថា នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើន ហើយនៅឆ្នាំ២០១៨ ទេសចរចិននៅខេត្តជឺជាំងចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន ២លាន៨សែននាក់ ក្នុងនោះមកកម្ពុជាប្រមាណ ៨ម៉ឺននាក់។

ឯកឧត្តម ចាង ចង់បានន័យថា ភ្ញៀវទេសចរចិនមកពីខេត្តរបស់លោក នឹងមកទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយនៅពេលរដូវត្រជាក់ម្ដងៗ ពួកគេចូលចិត្តស្នាក់នៅតំបន់លម្ហែរបស់ពួកគេ នៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលមានអាកាសធាតុក្ដៅស្រួលជាងខេត្តជឺជាំង។

ដូច្នេះហើយបានជាឯកឧត្តម និងគណៈប្រតិភូមកពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីបង្ហាញពីបំណងចង់មកវិនិយោគ ក្នុងការបង្កើតលំនៅដ្ឋានលម្ហែសម្រាប់ទេសចរចិនមកពីទីនោះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំង ចំពោះគោលបំណងរបស់ភាគីចិនខាងលើនេះ ហើយលោកថែមទាំងបានណែនាំពីឱកាសវិនិយោគជាមួយក្នុងវិស័យទេសចរណ៍ ពិសេសគឺការបង្កើតនៅតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា និងតាមបណ្ដោយទន្លេមេគង្គ ដែលហូរកាត់ប្រទេសកម្ពុជាជាង ៤០០គីឡូម៉ែត្រ មានទេសភាពស្រស់ត្រកាល និងអំណោយផលដល់ការស្នាក់នៅយូរ និងទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ។

ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន បានស្នើឱ្យភាគីចិននៅខេត្តជឺជាំង ជួយជំរុញការបណ្ដុះបណ្ដាលភាសាចិនដល់បុគ្គលិកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាចិន តាមរយៈការបង្កើតសាលាវិជ្ជាជីវៈជំនាញទេសចរណ៍នៅកម្ពុជា សំដៅសម្រេចឱ្យបានចំនួនបុគ្គលិកជំនាញ និងមគ្គុទ្ទេសទេសចរណ៍ ឆ្លើយតបនឹងចំនួនទេសចរណ៍ ពិសេសទេសចរចិនដែលនៅតែកើនឡើងជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីចិនជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ពីខេត្តជឺជាំងមកកម្ពុជាឱ្យបានឆាប់រហ័សផងដែរ ដើម្បីជំរុញកំណើនទេសចរពីខេត្តមួយនេះ ឱ្យបានកាន់តែច្រើនឡើង។ ចំណុចនេះ ឯកឧត្តម ចាង សឺស្ស៊ី បានឆ្លើយតបវិញថា ខេត្តជឺជាំងរបស់លោកក៏បានខិតខំជំរុញការងារនេះដែរ ហើយនៅកំឡុងឆ្នាំ២០១៩នេះ ជើងហោះហើរត្រង់ពីខេត្តជឺជាំងមកកម្ពុជា នឹងត្រូវដំណើរការឡើងជាផ្លូវការ។

ចំពោះឱកាសវិនិយោគ និងសំណើទាំងអម្បាលម៉ានរបស់ភាគីកម្ពុជា គណៈប្រតិភូរបស់លោក ចាង នឹងពាំនាំយកទៅជម្រាបជូនរដ្ឋាភិបាលចិន និងបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដល់មិត្តកម្ពុជា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.