លោករដ្ឋមន្ត្រី ថោង ខុន ៖កម្ពុជា និង ម៉ាល់ឌីវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កាន់តែស៊ីជម្រៅ

(ប្រទេសម៉ាល់ឌីវ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ឲ្យដឹងថា អំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលប្រកបដោយលទ្ធផលផ្លែផ្ការយ៉ាងច្រើនជាប្រវត្តិសាស្ត្រ ក្នុងនោះ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និង ម៉ាល់ឌីវ ក៏ត្រូវបានចុះហត្ថលេខា ផងដែរ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ ចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង ឯកឧត្ដមប្រធានាធិបតីនៃប្រទេសម៉ាលឌីវ ផងដែរ។ អនុស្សរណៈនេះផ្ដោតលើកិច្ចសហប្រតិបត្តិការដូចតទៅ៖
ក. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម
ខ. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន
គ. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា
ឃ. គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការពាណិជ្ជកម្ម/ពិព័រណទេសចរណ៍
ង. ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ
ជ. និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើ ឲ្យកាន់តែល្អប្រសើរ ជាពិសេស ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ចំនួន ៣០ ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យសិក្សាលទ្ថភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ»រវាងកម្ពុជា និង ម៉ាល់ឌីវ ពិតជាការឡានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បិតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។
ដោយឡែក សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានាធិបតី មកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាឲ្យបានមុនថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីចូលថ្វាយបង្គំគាល់ព្រះមហាក្សត្យរួចនឹងបន្តពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ពោធផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នៅខេត្តព្រះសីនុ និងពិសេសផ្តល់កិត្តិយសចូលរួមពិធីបើកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (32nd SEA Games and 12th ASEAN Para Games) នៅទីក្រងភ្នំពេញ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព - Sport Lives In Peace" ដែលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
ការទន្ទឹមនឹងនេះផងដែរ ការសំរេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អោយសិក្សាជ្រើសរើសវិថីណាមួយនៅតំបន់ឆ្នេរកម្ពុជា ជាផ្លូវមិត្តភាពកម្ពុជា−ម៉ាល់ឌីវ ក៏នឹងក្លាយជាភាពទាក់ទាញសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរឲ្យធ្វើដំណើរទស្សនាទៅវិញទៅមក ហើយដែលនឹងចូលរួមជំរុញមិត្តភាពនៃប្រទេសទាំងឲ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម៉ាល់ឌីវ ដែលបានផ្ដល់អាហារូបករណ៍ផ្នែកបដិសណ្ឋារកិច្ចដល់សិស្សនិស្សិតកម្ពុជាចំនួន ២០ កន្លែង ផងដែរ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មុនចុះអនុស្សរណៈ ១ ថ្ងៃ ក្រុមការងារជំនាញនៃក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាដាក់ចុះផែនការអនុវត្តអនុស្សរណៈ មានដូចជា៖ (១) ការជំរុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា−ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬ ត្រីកោណ ឬ ជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), (២) ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, (៣) ការរៀបចំឲ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), (៤) ការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួម ជាដើម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមការងារបានឯកភាពគ្នារួចហើយ ដើម្បីរៀបចំក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ និងរៀបចំផែនការសកម្មភាពអនុវត្តស្មារតីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក៏ដូចជាការ អនវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងស្មារតីលទ្ធផលនៃទស្សនកិច្ចផ្លូវការនាពេលនេះផងដែរ។
សូមរំលឹកជូនថា មុនវិបត្តិកូវីដ−១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ កើនឡើង ៦.៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២.២លាននាក់ កើន ១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯ ប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១.៧ លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១.៦ លាននាក់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.