ប្រទេសមហាអនុតំបន់មេគង្គ ឯកភាពជំរុញអនុវត្តយុទ្ធសាស្ត្រស្តារទំនាក់ទំនងវិស័យទេសចរណ៍ ក្នុងទិសដៅ «ប្រទេស៦ គោលដៅតែ១»
(ព្រះសីហនុ)៖ ឯកឧត្ដមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងស្ថាប័នជាតិទេសចរណ៍កម្ពុជា (NTOs) ក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ ដោយមានការចូលរួមពីតំនាងស្ថាប័នជាតិទេសចរណ៍របស់ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូរពាក់ព័ន្ធនានាចំនួន ១០០រូប នៅសណ្ឋាគារឆ្នេរ៧ជាន់ ក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះផ្តោតលើរៀបវារៈកិច្ចប្រជុំចំនួន០៤៖ ១) ការបង្ហាញពីស្ថានភាពទេសចរណ៍បច្ចុប្បន្ន រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ២) សកម្មភាពអនុវត្តការងាររបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ៣)គម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្នវគ្គ២ (GIIT2) ៤) ការបង្ហាញពីពត៌មានរបស់ មជ្ឈមណ្ឌលជប៉ុន-អាស៊ាន អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
តាមរយៈកិច្ចពិភាក្សានេះ អង្គប្រជុំទទួលបាននូវលទ្ធផលដូខាងក្រោម៖
១៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានលើកឡើងពីអំពី (១) ស្ថានភាពទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ (២) ការផ្តល់ពត៌មានអំពីប្រភេទទិដ្ឋាការ និងកិច្ចសហប្រតិបត្តិការវាងប្រទេស ក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះ កម្ពុជាបានលើកឡើងអំំពីការកើនឡើងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលប្រទេសកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំ SEA GAME និង PARA Game ឆ្នាំ២០២៣ និងការបង្ហាញពីលទ្ធផលអនុវត្តផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ២០២០-២០២៥ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងបង្ហាញអំពីទីផ្សារអាទិភាពសម្រាប់ឆ្នាំ២០២៣ ជាពិសេស កម្ពុជាបានលើកឡើងពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ជារៀងរាល់ថ្ងៃ គឺអច្ឆរិយៈភាព (Every day is a Wonder)»។
២៖ ដោយមានការសម្របសម្រួលពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គប្រជុំបានពិភាក្សា និងធ្វើបទបង្ហាញពីលទ្ធផលគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នវគ្គទី២ រវាងប្រទេសចំនួន០៣ គឺប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ ក្នុងនោះ កម្ពុជាក៏បានបង្ហាញពីលទ្ធផលគម្រោងវគ្គទី២ ក្នុងនោះ មានគម្រោងចំនួន០៤ ក្នុងខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ផ្តោតលើការខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការស្តារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែចម្លងកោះទន្សាយខេត្តកែប និងកំពង់ផែទេសចរណ៍ខេត្តកំពត ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។
៣៖ បានពិភាក្សាលម្អិតអំពីលទ្ធផលដែលបានអនុវត្តកន្លងមករបស់ប្រទេសទាំង៦ក្នុងតំបន់មហាអនុតំបន់មេគង្គ និងផែនការសកម្មរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ដើម្បីអនុវត្តផែនការស្តារទំនាក់ទំនងឡើងវិញវិស័យទេសចរណ៍ឆ្នាំ២០២០-២០២៥ផងដែរ។
៤៖ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសការពង្រឹងការទំនាក់ទំនងក្នុងតំបន់ ក្នុងនោះធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួន ០២៖ ១) គម្រោងទេសចរណ៍ក្របខណ្ឌវិនិយោគក្នុងមហាអនុតំបន់មេគង្គ និង ២) ការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសកម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ (CLVT)។
៥៖ អង្គប្រជុំបានស្តាប់បទបង្ហាញរបស់លោក Maccus Lee នាយកប្រតិបត្តិនៃ China Travel Online ដោយបានបង្ហាញអំពីសញ្ញាណថ្មីនៃការចាប់យកភ្ញៀវទេសចរជនជាតិ ដែលនឹងដំណើរកម្សាន្តក្រៅប្រទេសយ៉ាងផុសផុសនៅក្រោយប្រទេសចិនដកចេញនូវនយោបាយកូវីដសូន្យដែលតាមការសិក្សាភ្ញៀវទេសចរជនជាតិចិនចំនួនប្រមាណ ៩០ទៅ ១០០លាននាក់ នៅឆ្នាំ២០២៣៕