ប្រាសាទមេបុណ្យខាងលិចបង្ហាញរូបរាងជាថ្មី ក្រោយចំណាយពេលជួសជុលអស់បីឆ្នាំ
អាជ្ញាធរជាតិអប្សរាអះអាងថា តួប៉មចំនួនប្រាំបួនរបស់ប្រាសាទមេបុណ្យខាងលិចកំពុងបង្ហាញខ្លួនសាជាថ្មី ទៅដល់អ្នកទេសចរណ៍នានាដែលមកកាន់ខេត្តសៀមរាប បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេលបីឆ្នាំ ដោយមានការគាំទ្រដោយស្ថានទូតបារាំង។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់កាសែតខ្មែរថាមស៍ពីម្សិលមិញថា ប្រាសាទនេះត្រូវបានបាក់ស្រុតយ៉ាងធ្ងន់ធ្ងរស្ទើរទាំងស្រុង ពោលគឺវាមានការទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាងទៅហើយ។
លោកថ្លែងបន្តដែរថា ប្រាសាទនេះត្រូវបានអាជ្ញាធរអប្សរាបញ្ជាក់ជួសជុលលេចចេញជារូបរាងដើមមកវិញ ប៉ុន្តែនៅមិនទាន់ជួសជុលរួចរាល់១០០ភាគរយនៅឡើយទេ ហើយក៏មិនទាន់កំណត់ពេលវេលាច្បាស់លាស់ថា នឹងត្រូវបញ្ចប់វានៅពេលណាផងដែរ។
លោកបាននិយាយទៀតថា៖ «ប្រាសាទនេះមានខ្លោងទ្វារ និងជញ្ជាំង រួមនឹងផ្នែកជុំវិញនៃគួប្រាសាទទាំងមូលត្រូវបានបង្ហាញរួបរាងដើមវិញយ៉ាងជាក់លាស់។ ក្នុងនោះតួប៉មប្រាំបួនក្នុងចំណោមប៉មទាំង១២របស់ប្រាសាទត្រូវបានជួសជុលរួចរាល់»។
លោកបានបន្ថែមថា៖ «ការជួសជុលប្រាសាទនៃប្រវត្តិវែងឆ្ងាយណាស់ ដោយខ្ញុំមិនអាចរៀបរាប់ប្រាប់បានទេ ប៉ុន្តែការជួសជុលនេះមានការចូលរួមគាំទ្រពីសាលាបារាំងចុងបូព៌ា និងបន្ទាប់យើងបានធ្វើការសហការជាមួយនឹងស្ថានទូតបារាំងផងដែរ»។
ប្រាសាទមេបុណ្យខាងលិចនេះ ជាប្រាសាទមួយដែលកសាងឡើងនាពាក់កណ្ដាលសតវត្សរ៍ទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ ប្រាសាទនេះមានលក្ខណៈពិសេសត្រង់សំណង់ប្រាសាទមានទំហំ១០០ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ដែលប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ចំណែកកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត ដោយមានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។
ស្ថានទូតបារាំងបានឲ្យដឹងកាលពីម្សិលមិញថា ប្រទេសបារាំងបានចូលរួមនៅក្នុងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច តាំងពីឆ្នាំ២០១២ ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា។
មូលនិធិចំនួនជាងប្រាំមួយលានអឺរ៉ូត្រូវបានកៀងគររួច ដើម្បីនាំមកនូវលទ្ធផលនៃមុខងារវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងការស្ដារប្រាសាទនេះឡើងវិញ។
ស្ថានទូតបានបញ្ជាក់ថា៖«គម្រោងដ៏មានមហិច្ឆតានេះ គឺជាផ្នែកមួយនៃគណកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor)។
ស្ថានទូតបញ្ជាក់ថា៖«ជានិមិត្តរូបនៃការប្តេជ្ញាចិត្តជាអន្តរជាតិចំពោះអង្គរនោះ ICC-Angkor បាននិងកំពុងរៀបចំកម្មវិធីស្រាវជ្រាវអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ក្រោមសហប្រធាននៃប្រទេសបារាំង និងជប៉ុន»៕