បុណ្យ​ទន្លេ​ឆ្នាំនេះ នឹង​រៀបចំ​នៅ​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ខាងមុខនេះ​

(​កំពង់ឆ្នាំង​)៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នឹង​រៀបចំ​នៅ​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។​

​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខិតខំ​បន្ត​រៀបចំ​របៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យ​សាធារណៈ ពិសេស​ក្នុង​ទីក្រុង និង​តាម​ដង​ទន្លេ​ឱ្យបាន​ល្អ និង​ខិតខំ​ចាប់​យក​ឱកាស​នៃ​បុណ្យ​ទន្លេ​នេះ ពង្រីក​ការយល់​ដឺ​ង​សាធារណៈ​ក្នុង​កិច្ច​រក្សា​ការពារ​បរិស្ថាន ជីវចម្រុះ​តាម​ដង​ទន្លេ និង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ឯកឧត្តម ឈួ​រ ចាន់ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្រី ដោ​ក សុ​ទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង តំណាង​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា រដ្ឋបាលខេត្ត និង​មន្ទីរ​ទេសចរណ៍ មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ត្រូវខិតខំ​ចាប់យក​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់​ដឺ​ង​សាធារណៈ អំពី​ភាព​ស្អាត និង​បៃតង ថែរក្សា​បរិស្ថាន​ទន្លេ បរិស្ថាន​ទីក្រុង លើកកម្ពស់​គុណភាព ផលិលផល និង​សេវា​ទេសចរណ៍​ឱ្យ​បានល្អ ត្រូវ​ខិតខំ​ស្រាវជ្រាវ និង​ពង្រីក​គោលដៅ​ទេសចរណ៍​ថ្មីៗ ឱ្យបាន​ច្រើន​សាក​សមជា​ខេត្ត ដែល​សម្បូរ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ​ដ៏​សម្បូរបែប ពិសេស​ទេសភាព​តាម​ដង​ទន្លេ​។​

​ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខិតខំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​ទាំងឡាយណា ដែល​មិនទាន់​មាន​ការអភិវឌ្ឍ និង​ត្រូវ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ផ្សេងទៀត ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ពិសេស​ត្រូវ​ខិតខំ​កៀរគរ​រក​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ខេត្ត​បន្ថែមទៀត​។​

​ឯកឧត្តម​ក៏បាន​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ពី​ការពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សេវា​ម្ហូបអាហារ រមណីយដ្ឋាន​ទេសចរណ៍ បង្គន់​អនាម័យ​សាធារណៈ និង​ចល័ត បញ្ហា​អនាម័យ បញ្ហា​សំរាម តាម​ដង​ទន្លេ ទីផ្សារ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​ត្រូវ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ពិព័រណ៍​ផលិតផល​ក្នុងស្រុក ព្រមទាំង​ត្រូវ​រៀបចំ​ឱ្យ​បានល្អ​នូវ​កម្មវិធី​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ផ្សេងៗ ពិសេស​ត្រូវ​ត្រៀម​ទទួល​ស្វាគមន៍​វត្តមាន​សម្ដេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឱ្យបាន​ល្អ និង​ហ្មត់ចត់​បំផុត​៕​