ក្រសួងទេសចរណ៍ ផ្សព្វផ្សាយអនុសាន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ត្រីមាសទី១ ឆ្នាំ២០២២

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីនៃអគ្គនាយកដ្ឋានទាំងបី វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយអនុសាសន៍ ១២ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅឱ្យទទួលបានលទ្ធផលជាវិជ្ជមានលើផែនការសកម្មភាពការងារឆ្នាំ២០២២ ដែលទាក់ទងនឹងស្ត្រី។ ទន្ទឹមនេះ ក៏ជាឱកាសដែលក្រសួងទេសចរណ៍ធ្វើការត្រួតពិនិត្យ ពិភាក្សាទៅលើលទ្ធផលការងារដែលបានអនុវត្តក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ផងដែរ។
នៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា ខណៈពេលដែលកម្ពុជាបើកទទួលទេសចរណ៍ឡើងវិញ ចរន្តទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុងក៏កំពុងមានការកន្រ្តាក់គួរឱ្យកត់សម្គាល់ ក្រោមយុទ្ធសាស្ត្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍ និងការសម្រួលដល់ការធ្វើដំណើរមកកាន់កម្ពុជារបស់ភ្ញៀវទេសចរអន្តរជាតិ។ រួមទាំងផែនការច្បាស់លាស់នានារបស់ក្រសួងទេសចរណ៍ដែលបានដាក់ចេញតាមរយៈវិធានសុវត្ថិភាពទេសចរណ៍ វិធានប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្នុងវិស័យទេសចរណ៍ និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង។
ជាក់ស្តែង ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ១៥១,៦៨០នាក់ កើនឡើង ១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាសមានចំនួន ៨៦,៥៨៨ នាក់ កើនឡើង ១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង ៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ) ខណៈទេសចរណ៍ផ្ទៃក្នុងប្រមាណ ២,៨លាននាក់ ពោលគឺធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កើនឡើងជិត ៥០%។ នេះជាសញ្ញាណវិជ្ជមានផងដែរ សម្រាប់ការបើកទទួលទេសចរណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
ទន្ទឹមនឹងកំណើនឡើងនៃភ្ញៀវទេសចរ និងដំណើរការទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មី វឌ្ឍនភាពការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ក៏ទទួលបាននូវភាពវិជ្ជមានច្រើនផងដែរ បើតាមរបាយការណ៍ និងការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តការងាររបស់អង្គភាពក្រោមឱវាទក្រសួង និងមន្ទីរទេសចរណ៍ខេត្តមួយចំនួន។ ជាមួយគ្នានេះ អង្គប្រជុំក៏បានឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីដាក់ចេញនូវវិធានការដោះស្រាយរួម ព្រមទាំងស្វែងរកឱកាសដើម្បីឈានទៅសម្រេចវឌ្ឍនភាពថ្មីៗជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
លោកជំទាវរដ្ឋលេខាធិការ នៅក្នុងកិច្ចប្រជុំក៏បានដាក់ចេញនូវផែនការដើម្បីបន្តអនុវត្តក្នុងក្របខ័ណ្ឌវិស័យទេសចរណ៍ ដែលរួមមាន៖
- បន្តចូលរួមអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រជាមួយរាជរដ្ឋាភិបាល
- បន្តផ្តល់វគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពស្ត្រីក្នុងវិស័យទេសចរណ៍
- បន្តលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យទេសចរណ៍ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ
- បន្តជំរុញការផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ដល់មន្ត្រីនារី និងនារីផ្នែកឯកជនក្នុងវិស័យទេសចរណ៍
- បន្តជំរុញការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តផែនទីចង្អុលផ្លូវ (Road-Map) ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ (២០២០-២០២៥)
- បន្តជំរុញផ្សព្វផ្សាយការងារអប់រំសីលធម៌សង្គម និងតម្លៃស្ត្រី
- បន្តពង្រឹង និងពង្រីកបណ្តាញស្ត្រីក្នុងវិស័យទេសចរណ៍
- បន្តការចែករំលែកបទពិសោធន៍ការងារក្នុងក្របខណ្ឌវិស័យទេសចរណ៍៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.