ពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ២០០១៩។

ពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ២០០១៩។

(ភ្នំពេញ) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ក្រសួងទេសចរណ៍ ដោយសហការ​ជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង​ពាណិ​ជ្ជ​កម្ម​របស់សាធារណរដ្ឋប្រជាមានិតចិន និងមហាវិទ្យាល័យ​ភាសា​ចិន​ប៉េកាំងអន្តរជាតិ បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខា​ធិការ​ក្រសួងទេសចរណ៍ និងជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី​នៃ​ក្រសួងទេសចរណ៍ និងមានការ​ចូលរួមពីសំណាក់លោកស្រី ​ Gui Fan នាយករងប្រតិបត្តិ​នៃមហាវិទ្យាល័យ​ភាសា​ចិនប៉េកាំងអន្តរជាតិ លោក លោកស្រីសាស្រ្តាចារ្យនៃមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ លោកសាកល​វិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មន្រ្តីជំនាញ អ្នកជំនាញ​ទេស​ចរណ៍ និងគ្រូឧទ្ទេស​អន្តរជាតិ ព្រមទាំង​សិក្ខា​កាម សរុបប្រមាណ ២០០ នាក់។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យ​ទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណា​​ចក្រ​កម្ពុជា។​ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំពេលវេលា និងស្របតាមផែនការអភិវឌ្ឍធនធាន​មនុស្ស​ក្នុង​វិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍សំដៅឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍ទាំងបរិមាណ និងគុណភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមពង្រឹងសមត្ថភាពជំនាញភាសាចិនដល់​មគ្គុទ្ទេស​ក៍​ទេសចរណ៍និយាយ ភាសា​​ចិន​ដោយ​ផ្អែកលើការប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការបណ្តុះបណ្តាលភាសាចិន និងការពង្រឹងសមត្ថភាព​ភាសា​ចិន​ប្រើប្រាស់​សម្រាប់បកស្រាយពន្យល់ដល់ទេសចរ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅឱ្យទទួលបានចំណេះដឹង និងជំនាញ​ពិត​​ប្រាកដ​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ក្នុង​ការចូលរួមជំរុញការ​អភិ​វឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព ការ​​​ទទួលខុសត្រូវ និងបរិយាប័ន្ន។

ឯក​ឧត្តម​រដ្ឋលេខាធិការក៏បានបន្ថែមទៀតថា តាមរយៈការសហការរៀបចំ វគ្គ​បណ្តុះ​បណ្តាលនេះ​ វាបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងភាពដៃគូរវាងស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង​ពាណិ​ជ្ជ​កម្ម​របស់សាធារណរដ្ឋប្រជាមានិតចិន និង​មហាវិទ្យាល័យ​ភាសា​ចិន​ប៉េកាំងអន្តរជាតិ និងក្រសួងទេសចរណ៍​លើការជំរុញអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​កិច្ច​ខិតខំប្រឺងប្រែងជំរុញកិច្ចសហប្រតិបត្តិការ​លើការ​បណ្តុះ​បណ្តាលធនធានមនុស្សក្នុង​វិស័យទេសចរណ៍​សំដៅ​ត្រៀមទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន ដែលបាន និងកំពុងមានការកើនឡើង​យ៉ាងរហ័ស​ក្នុង​ពេល​បច្ចុប្បន្ន។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល ០៦ ខែដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណជាង ៣.៣ លាននាក់ កើនឡើង ១១.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ​ ២០១៨ ដោយក្នុង​នោះ​កម្ពុជា​បានទទួល​ទេសចរជនជាតិចិនចំនួន ១.២៩២.៤៨៦ នាក់ កើនឡើងប្រមាណ ៣៨.៧%។​

តាមការព្យាករណ៍នៅឆ្នាំ ​​​​២០២០ កម្ពុជា​នឹង​អាច​ទទួល​​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​​ប្រមាណ ៧លាន​នាក់​ និង​​បង្កើត​ការងារ​​ដោយ​ផ្ទាល់​ប្រមាណជិត ១លាននាក់។