ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ ចំ​កំពូល​ប្រាសាទអង្គរវត្ត មាន​ភ្ញៀវទេសចរ​ជាង​២​ពាន់​នាក់ ចូលរួម​ទស្សនា​

(​សៀមរាប​)៖ ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត ឬ​បាតុភូត​សម​រាត្រី (Equinox) រដូវប្រាំង បានបង្ហាញ​វត្តមាន​ដ៏​ត្រចះត្រចង់​នៅលើ​ទឹកដី​អង្គរវត្ត​សៀមរាប ដោយ​បាន​បង្កើត​នូវ ទស្សនីយភាព​ពណ៌​មាស​ដ៏​ស្រស់ត្រកាល និង​បាន​ទាក់ទាញ​ចិត្ត​អ្នកទស្សនា​ជាតិ​-​អន្តរជាតិ​ជាង ២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​។​


ថ្វី​ត្បិត​តែ​ព្រះអាទិត្យ​មិន​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ពេញលក្ខណៈ តែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បានធ្វើឱ្យ​អ្នកទស្សនា​ដោយផ្ទាល់​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ នូវ​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ​ជះ​ពន្លឺ​មាស​មកលើ​កំពូល​ប្រាសាទអង្គរវត្ត​។​


សូម​បញ្ជាក់​ដែរ​ថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែ​មីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែ​កញ្ញា​។ ព្រឹត្តិការណ៍​ព្រះអាទិត្យ​នេះ​ជា​អច្ឆរិយការណ៍​របស់​អង្គរវត្ត មិនមែន​ជា​របកគំហើញ​ថ្មី​នោះទេ តែ​ជា​បទ​សិក្សា​ដែល​អ្នកស្រាវជ្រាវ​ធ្លាប់បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ខ្លះៗ​មកហើយ​។ បទ​សិក្សា​នោះ គឺ​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ​និង​តារា​សាស្ត្រ ដើម្បី​បញ្ជាក់​ថា វា​មិនមែន​ជា​ហេតុ​ចៃដន្យ ឬ​ជា​អព្ភូតហេតុ​អ្វី​នោះ​ទេ តែ​នេះ​ជាការ​ដឹង​ជា​មុន​ផ្នែក​តារាសាស្ត្រ នៃ​អ្នកប្រាជ្ញ​បុរាណ​ដែល​ដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត​។​


អង្គរវត្ត​ត្រូវបាន​ស្ថាបនា​ទ្បើង​ដោយ​មាន​ការសិក្សា​គន់គូ​រ​យ៉ាង​ល្អិតល្អន់ របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យអង្គរ រួមផ្សំ​គ្នា​រវាង​ទ្រឹស្តី​គណិតសាស្ត្រ វិស្វកម្ម និង​តារាសាស្ត្រ​។ នេះ​ក៏​ជា​ហេតុផល​វិទ្យាសាស្ត្រ​មួយ ដែល​បំពេញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សួរ​មិនចេះចប់​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អង្គរវត្ត​បែរមុខ​ទៅ​ទិស​ខាងលិច​៕​