ព្រឹត្តិការណ៍ «​រត់ប្រណាំង និង​ថ្មើរជើង​ប្រវត្តិសាស្ដ្រ​» នៅ​អន្លង់វែង ជោគជ័យ​ខ្លាំង រហូត​ទទួល​ការ​សរសើរ​ពី​ភាគី​ថៃ​

(​ខេត្ត​ឧត្តរមានជ័យ​)៖ ព្រឹត្តិការណ៍ «​រត់ប្រណាំង និង​ថ្មើរជើង​ប្រវត្តិសាស្ដ្រ​» ដែល​ជា​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ថ្មី​មួយទៀត ត្រូវបាន​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​នៅ​តំបន់​ប្រវត្តិសាស្ដ្រ នៃ​ស្រុក​អន្លង់វែង លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៩ នេះ គឺ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​អន្លង់វែង រហូត​មាន​ការគាំទ្រ​ពី​ភាគី​ថៃ​ទៀត​ផង​។​

 

​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​មានប្រសាសន៍ថា គណៈកម្មការ​រៀបចំ​ពិត​ជា​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង ចំពោះ​ជោគជ័យ​លើស​ពី​ការរំពឹង ដោយ​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​កម្សាន្ដ មាន​អ្នកចូលរួម​យ៉ាងច្រើន រហូតដល់​ជិត ១,៤០០​នាក់​ជាង ក្នុងនោះ​អ្នករត់​ចម្ងាយ ៣​គីឡូម៉ែត្រ​ប្រមាណ​ជាង ១,៣០០​នាក់ និង​អ្នកដើរ​ចម្ងាយ ៦​គីឡូម៉ែត្រ​ប្រមាណ​ជាង ៦០០​នាក់ ពិសេស​ក៏​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ថៃ​ជិត ២០០​នាក់ ទាហាន​ថៃ​មួយចំនួន រួម​ទាំង​ថ្នាក់​ដឹកនាំ​ថៃ គឺ​អភិបាលរង​ខេត្ត​ស៊ីសាកេត ក៏​មិន​ចូលរួម​ដែរ​។​

 

«​ចំណុច​សំខាន់ ដែល​យើង​មិន​នឹកស្មាន គឺ​មាន​អ្នកចូលរួម​ច្រើន​លើសពី​ការរំពឹង ព្រោះ​យើង​រំពឹង​ត្រឹម ១,០០០​នាក់​អី​ទេ តែ​ជាក់ស្ដែង​មាន​ចូលរួម​ជិត ១,៤០០​នាក់ ចឹង​ជោគជ័យ​មែនទែន ប្រជាពលរដ្ឋ​រស់នៅ​ហ្នឹង បាន​សម្ដែង​ការភ្ញាក់ផ្អើល និង​សប្បាយ​ចិត្ត ពិសេស​អភិបាលរង​ខេត្ត​ស៊ីសាកេត រួម​ទាំង​ប្រជាជន​ថៃ​មួយ​ចំនួន​តូច ដែល​ចូលរួម បាន​កោតសរសើរ ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ហើយ​ថែមទាំង​មាន​គម្រោង​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ជាច្រើន​ទៀត នៅ​ទឹកដី​អន្លង​វែង​ទៀតផង​»​។​

 

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ថែមថា «​ក្នុងនាម​គណៈកម្មការ​រៀបចំ ពិតជា​មាន​ការសប្បាយ​ចិត្ត​ជា​ខ្លាំង ដែល​ការរៀបចំ​ព្រឹត្តិការណ៍ «​រត់ប្រណាំង និង​ថ្មើរជើង​ប្រវត្តិសាស្ដ្រ​» លើកដំបូង ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ នៅ​អន្លង់វែង ដែល​នេះ​គឺជា​កម្លាំងចិត្ត​ដល់​សំខាន់​សម្រាប់​គណៈកម្មកា​រ ដើម្បី​បន្ដ​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ជា​បន្ដបន្ទាប់ នៅ​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម ដែល​ជា​តំបន់​ប្រវត្តិសាស្ដ្រ ដូចជា​ផ្ទះ​តា​ម៉ុក​ជាដើម ហើយ​យើង​សង្ឃឹមថា ការរៀបចំ​លើក​ក្រោយៗ នឹង​មាន​ការ​ភ្ញៀវ​ឲ្យ​បរទេស​ចូលរួម​កាន់តែច្រើន​»​។​

 

​ព្រឹត្តិការណ៍​កីឡា​បែប​កម្សាន្ដ លើ​ទឹកដី​ប្រវត្តិ​សា​ស្រ​នេះ បាន​រៀប​ចំ​ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ សាលា​ស្រុក​អន្លង់វែង មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ជា​ការចាប់ផ្តើម​ថ្មី​សម្រាប់​ស្រុក​អន្លង់វែង និង​ដើម្បី​គាំទ្រ​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព នៅក្នុង​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម ដោយ​ចេញពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង ឬ​សារមន្ទីរ​អតីត​ផ្ទះ​តា​ម៉ុក និង​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅ​ភ្នំ​ដងរែក ដើម្បី​ផ្សព្វផ្សាយ និង​ស្វែងយល់​នូវ​តំបន់​ដ៏​អាថ៌កំបាំង ដំណើរ​ផ្សងព្រេង សម្ភស្ស​ធម្មជាតិ ក្នុង​តំបន់​ប្រវត្តិសាស្ដ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។​

 

​នេះ​គឺជា​ព្រឹត្តិការណ៍​សង្គម​ដំបូងបង្អស់ ដែល​រៀបចំឡើង ដើម្បី​អបអរសាទរ​ខួប ២០​ឆ្នាំ​នៃ​ការទទួល​បាន​សន្តិភាព​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការធ្វើ​សមា​ហរ​ណ​ក​ម្មចុ​ង​ក្រោយ​នៅ​ស្រុក​អន្លង់វែង នៅក្នុង​ឆ្នាំ​១៩៩៨ ពិសេស​គឺ​ដើម្បី​តម្រង់​ការចាប់អារម្មណ៍ ទៅលើ​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​ស្រុក​អន្លង់វែង និង​ទៅលើ​ចំណុច​គោល នៃ​សន្តិភាព សន្តិសុខ និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​។ អន្លង់វែង​គឺជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម ប៉ុន្តែ​តំបន់​នេះ​ក៏​ជា​ចំណុច​របត់​និមិត្តរូប​មួយ នៃ​ការ​ងើប​ចេញ​ពី​អតីតកាល​ដ៏​សោកសង្រេង​របស់​កម្ពុជា​ដែរ​៕​