រាជរដ្ឋាភិបាលកែសម្រួលវិធានការសុខាភិបាល ចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្រេចការកែសម្រួលវិធានការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និង អង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកប្រទេសកម្ពុជា ដោយត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖

១៖ មន្ត្រីការទូត និងអង្គការអន្តរជាតិ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។

២៖ តម្រូវឱ្យមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលទទួលបានទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវធ្វើតេស្តទាំងអស់ ពេលមកដល់កម្ពុជា ហើយសំណាកត្រូវយកនៅទីតាំងពិសេស ក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្ដង។

៣៖ ត្រូវរង់ចាំលទ្ធផលតេស្តរយៈពេលយ៉ាងតិច២៤ម៉ោង នៅទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅណាមួយ ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដែលបានឯកភាពដោយគណៈកម្មការអន្តរក្រសួង និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងទាំងនោះបើមាន តម្រូវការចាំបាច់នៃវិធានការសុខាភិបាលសាធារណៈ។

៤៖ សំណាកដែលបានធ្វើពេលមកដល់ នឹងត្រូវបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ក៏ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់របស់ក្រសួងសុខាភិបាល។

៥៖ ក្នុងករណីមានការរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង ដែលស្ថានទូតសំណូមពរ ហើយដែលក្រសួងសុខាភិបាលឯកភាពដើម្បីធ្វើការព្យាបាល។ ការសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង រាល់ការចំណាយ និង តម្លៃសេវាព្យាបាលជាបន្ទុករបស់មន្ត្រីទូត ឬស្ថានទូត និងអង្គការអន្តរជាតិផ្ទាល់។

៦៖ ស្ថានបេសកកម្មបរទេសទាំងអស់ នឹងតម្រូវឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដើម្បីបង្ការ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

ដោយឈរលើគោលការណ៍មនុស្សធម៌ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័ត ដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ថ្លៃ ធ្វើតេស្តរកវីរុសកូដ-១៩ លើកទី១ និងលើកទី២៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.