រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរជ័យលាភីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលបានទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤)
កាលពីព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ និងដង្ហែពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ប្រមាណជាង១០០០នាក់ នៅមុខបរិវេណមុខអគារសារមន្ទីររដ្ឋបាលខេត្តបាត់ដំបង និងដង្ហែតាមផ្លូវធំៗមួយចំនួនក្នុងក្រុងបាត់ដំបង។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា ការទទួលបាននូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺមិនមែនជាភាពចៃដន្យនោះទេ តែជាការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំទើបធ្វើឱ្យខេត្តបាត់ដំបងមានថ្ងៃនេះ ។
ឯកឧត្តម បានលើកបង្ហាញឲ្យដឹងបន្ថែមទៀតថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដើម្បីចូលរួមលើកម្ពស់វិស័យទេសចរណ៍របស់ជាតិ ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ខណៈពេលដែលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ថា ជាមាសបៃតងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិថែមទៀតផង ។
ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំ ដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទៀត ជាពិសេសលើការងារគ្រប់គ្រងបរិស្ថាន កាកសំណល់រឹងរាវឱ្យបានល្អ និងកត្តាសំខាន់ៗផ្សេងៗទៀត ទើបទីក្រុងយើងរក្សាបាននូវនិរន្តរភាពជាទីក្រុងស្អាតនៅពេលក្រោយៗទៀត ៕