រដ្ឋាភិបាលស្វីស បន្តគាំទ្រកិច្ចសហការក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២២-២០២៥!
(ភ្នំពេញ) ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសក្នុងតំបន់មេគង្គសម្រាប់ឆ្នាំ ២០២២-២០២៥ (Swiss Mekong Regional Cooperation Program 2022-2025) ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំបានឯកភាពលើសំណើរបស់ក្រសួងទេសចរណ៍ ដើម្បីភ្ជាប់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដែលកំពុងអនុវត្ត និងក្នុងផែនការឆ្នាំ២០២០-២០២៥ សំដៅប្រែក្លាយទៅជាផលិតផលកសិ-ទេសចរណ៍ (Agro-Tourism) ដែលផ្តល់តម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជំរុញការភិវឌ្ឍន៍ការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។
២. អង្គប្រជុំបានឯកភាពដើម្បីពិនិត្យលទ្ធភាពគាំទ្របន្ថែមដល់ក្រសួងទេសចរណ៍ ក្នុងដំណើរការកសាងក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ សម្រាប់កម្រិតខ្ពស់បន្ថែមទៀត ដោយកន្លងមកបានគាំទ្រការកសាងគុណវុឌ្ឍិជាតិកម្រិត២ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដើម្បីជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអោយមានសង្គតិភាព និងអាចបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍។
៣. អង្គប្រជុំជាពិសេសភាគីស្វីសបានឯកភាព និងកំពុងរៀបចំការសិក្សាលើគម្រោងគាំទ្របន្ថែមដល់ការអភិវឌ្ឍន៍សហគន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត ក្រៅពីការគាំទ្រលើការអភិវឌ្ឍន៍ជំនាញក្នុងសហគមន៍ដែលបានជួយកន្លងមក។
៤. អង្គប្រជុំបានគាំទ្រ និងលើកពីភាពចាំបាច់ក្នុងការជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលនៃការីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមបរិបទឧស្សាហកម្ម ៤.០។
សូមរំលឹកផងដែរថា កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្រសួងទេសចរណ៍បានសម្រេចនូវលទ្ធផលការងារសំខាន់ៗរួមមាន៖ (១) បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៩១រូប (២) បណ្តុះបណ្តាលយុវជនបាត់បង់ឱកាសអោយចាប់យកជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងកម្មវិធីសិក្សាពេញម៉ោង (Full-time VET) ចំនួន ១៦០រូប (ស្រី៦០រូប) (៣) បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍កំពុងបម្រើការងារ ក្នុងកម្មវិធីបណ្តុះបណ្តាលខាងក្នុង (In-House training) ចំនួន ៣៨៩រូប (ស្រី២០០រូប) (៤) បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ផ្ទាល់តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងទម្រង់ហ្វឹកហាត់ការងារ (Hospitality Coaching Program) ចំនួន ៤៨០រូប (៥) ចូលរួមពង្រឹងយន្តការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) ដោយបានវាយតម្លៃ និងទទួលស្គាល់ជំនាញទេសចរណ៍ចំនួន ១.១៦៧រូប (ស្រី ៥៦១រូប) (៦) ធ្វើការកែសម្រួលកម្មវិធីបណ្តុះបណ្តាលអាស៊ាន មកជាកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលមានភាពងាយស្រួលសម្រាប់ការបណ្តុះបណ្តាលថ្នាក់ក្រោមជាតិ និង (៧) ជំរុញការបណ្តាលបណ្តាលតាមប្រព័ន្ធអនឡាញ AJAR Cloud LMS ដល់សិក្ខាកាមចំនួន ២៥០រូប ដែលកំពុងសម្រាក និងឈប់ពីការងារដោយវិបត្តិជំងឺកូវីដ- ១៩។