រដ្ឋមន្ដ្រី ថោង ខុន​៖ បុណ្យ​ទន្លេ​លើក​ទី​៥ ធ្វើឡើង​ស្របពេល​ដែល​រាជរដ្ឋាភិបាល កំពុង​ធានាបាន​នូវ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​ល្អប្រសើរ​

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​បុណ្យ​ទន្លេ បាន​លើកឡើង​ថា បុណ្យ​ទន្លេ​លើក​ទី​០៥​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ដែល​ស្រប​នឹង​បរិបទ​នៅពេល​បច្ចុប្បន្ន ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ធានាបាន​នូវ​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំ​២០១៩ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, ឯកឧត្តម ថោង ខុន បាន​គូសបញ្ជាក់ថា ផ្លែផ្កា​នៃ​សន្តិភាព​បាន​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា «​មាស​បៃតង​» ក៏​សម្រេច​បាន​នូវ​ការរីកចម្រើន​គួរ​ជាទី​មោទនៈ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​បន្ថែមថា ពិធីបុណ្យ​ទន្លេ​ក៏​ជា​ឱកាស​ដ៏​ប្រសើរ​ដើម្បី​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ការប្រលងប្រណាំង​ទីក្រុង​ស្អាត​កម្ពុជា និង​ការប្រលងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ តាម​ដង​ទន្លេ (River-based Tourism)​។​

​ជា​ពិសេស​ការអភិវឌ្ឍ​នាវា​ទេសចរណ៍ តាម​ដង​ទន្លេមេគង្គ តាម​ស្តង់ដា​អាស៊ាន (ASEAN Mekong River Cruise Standard) និង​ការអប់រំ​យល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​សារៈប្រយោជន៍ នៃ​ធនធាន​តាម​ដង​ទន្លេ ស្រប​តាម​ទស្សនទាន «​ទន្លេ​របស់​យើង សម្រាប់​ប្រជាជន​យើង និង​វិបុលភាព (Our River for Our People and Prosperity)»​។​

​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​០៥ ឆ្នាំ​២០១៩​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​រៀបចំ​ឲ្យមាន​សកម្មភាព​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖

* ទី​១៖ ពិធី​បំពាក់​ឯកសណ្ឋាន និង​មួកសុវត្ថិភាព ជូន​បងប្អូន​អ្នករត់​ម៉ូតូឌុប​ប្រមាណ​២០០​នាក់ នៅ​ក្រុង​កំពង់ឆ្នាំង រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​។​

* ទី​២៖ កម្មវិធី​ដាំ​ដើមឈើ​អនុស្សាវរីយ៍ ក្រោម​ទស្សនទាន «​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​» «​គូរ​ស្រករ​មួយគូរ ដើមឈើ​មួយ​ដើម​»​។ សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​។​

* ទី​៣៖ សិក្ខាសាលា​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» និង​ការជូន​រង្វាន់​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​មាន​ស្នាដៃ​ឆ្នើម ដែល​មាន​ការចូលរួម​ពី​ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ សិស្ស​-​និស្សិត និង​ភាគី​ពាក់ព័ន្ធ​ប្រមាណ​១,០០០​នាក់ នា​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​។​

* ទី​៤៖ ពិធី​ក្រុង​ពាលី​បួងសួង នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​។​

* ទី​៥៖ សកម្មភាព​កីឡា រួមមាន ការ​រត់ប្រណាំង​កម្សាន្ត ៣​គីឡូម៉ែត្រ​-៥​គីឡូម៉ែត្រ ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ កីឡា​ប្រណាំងរ​ទះ កីឡា​ជិះ​កង់​កម្សាន្ត ១០​គីឡូម៉ែត្រ ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល ចំបាប់​បុរាណ កីឡា​ទាញព្រ័ត្រ កីឡា​វាយ​សី និង​ការ​ប្រណាំងទូក​ប្រពៃណី​-​ល​-​។​

* ទី​៦៖ ការប្រគំ​តន្ត្រី ការសម្តែង​ទស្សនីយភាព​សិល្បៈ និង​ការបាញ់​កាំជ្រួច​អបអរសាទរ ព្រម​ជាមួយ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ផ្សេងៗ​ទៀត​ជាច្រើន​។​

* ទី​៧៖ មហោស្រព​ម្ហូបអាហារ​ខ្មែរ (Cambodian Gastronomy) ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street) ដែល​ជា​គំរូ​លើកដំបូង និង​ការតាំងពិព័រណ៍​ផលិតផល​ខ្មែរ ក​សិ​-​ទេសចរណ៍ កសិកម្ម សិប្បកម្ម ដែល​លើក​នេះ​មាន​ការចូលរួម​ច្រើន​ប្រមាណ​៣៥០​ស្តង់ នៃ​ចំនួន​ស្តង់ សរុប​៤០០​ស្តង់ រួម​ជាមួយ​ស្តង់​ផលិតផល​បរទេស​ប្រមាណ​៥០​ស្តង់​។​